អាជ្ញាធររាជធានីភ្នំពេញ តម្រូវឲ្យម្ចាស់ទូក កាណូតទេសចរណ៍ទំាងអស់ត្រូវបំពាក់ឧបករណ៍ការពារ សុវត្ថិភាព និងចតក្នុងចំណតតែមួយ នៅមុខសួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់ការណូតទេសចរណ៍ទំាងអស់ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញត្រូវតែរៀបចំជលយាន្តរបស់ខ្លួនឲ្យបានត្រឹមត្រូវដោយមានការបំពាក់ឧបករណ៍ការពារសុវត្ថិភាព ដូចជាពោងសុវត្ថិភាព ឧបករណ៍ពន្លត់អគ្គិសភ័យ និងឧបករណ៍ សម្រាប់ជួយសង្គ្រោះអ្នកដំណើរជាដើម ដើម្បីធានាឲ្យភ្ញៀវមានសុវត្ថិភាព និងសប្បាយរីករាយ ។

ការណែនាំបែបនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងការណូតទេសចរណ៍នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរដែនដី សមាគមកាណូតទេសចរណ៍រាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា ការកំណត់ឲ្យម្ចាស់កាណូត ទេសចរណ៍មានឧបករណ៍ការពារសុវត្ថិភាពនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យអ្នកទេសចរណ៍ ទំាងអស់ដែលជិះទូកកម្សាន្តមានភាពកក់ក្តៅ និងសប្បាយរីករាយមិនបារម្ភពីបញ្ហាគ្រោះថ្នាក់ ណាមួយកើតឡើង ។

លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រៅពីការកំណត់ឲ្យ បំពាក់ឧបករណ៍សុវត្ថិភាពនេះ ម្ចាស់ជលយាន្តទេសចរណ៍ទំាងអស់ត្រូវតែប្រមូលផ្តុំគ្នានៅ ចំណតកំពង់ផែតែមួយ ដែលសាលារាជធានីភ្នំពេញ រៀបចំជូន ដែលចំណតកំពង់ផែនោះនឹងដាក់នៅចំណតបណ្ដោះអាសន្នមុខសួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC) និងមានផែទូក កាណូតទេសចរណ៍នៅផ្សាររាត្រីសម្រាប់មកទទួលយកភ្ញៀវដែលមានបំណងជិះទូក កាណូតកម្សាន្ត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទូក កាណូត និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ ។

លោកអភិបាលរាជធានីភ្នំពេញបានបន្តថា ពាក់ព័ន្ធ និងការងារនេះមន្ទីរទេសចរណ៍ត្រូវពិនិត្យលើកិច្ចការងារនេះ ត្រូវលាបពណ៌យ៉ាងម៉េចឲ្យដូចគ្នា អ្នកបើកបរត្រូវមានជំនាញច្បាស់លាស់ ហើយមានឡាយសិនត្រឹមត្រូវ មិនត្រូវចេះតែឲ្យបើកទេ ពិសេសមានពោងសុវត្ថិភាព ឧបករណ៍ពន្លត់ អគ្គិសភ័យ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ ។

ប្រធានសមាគមកាណូតទេសចរណ៍រាជធានីភ្នំពេញបានឯកភាពទទួលយកគោលការណ៍នេះ ដើម្បីធានាឲ្យភ្ញៀវដែលជិះទូកកម្សាន្តតាមដងទន្លេសាបមានសុវត្ថិភាពខ្ពស់ ។

គួរបញ្ជាក់ថា លទ្ធផលនៃអង្គប្រជុំនេះបានសម្រេចឲ្យមានចំណតបណ្ដោះអាសន្ននៅមុខសួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC) ដែលតម្រូវឲ្យទូក កាណូតដឹកភ្ញៀវទេសចរណ៍ទាំង៦២ទូកត្រូវចូលមកចកតែមួយកន្លែង និងមានផែទូក កាណូតទេសចរណ៍នៅផ្សាររាត្រីសម្រាប់មកទទួលយកភ្ញៀវដែលមានបំណងជិះទូកកាណូតកម្សាន្ត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទូក កាណូត និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print