វាយប្រហារ​គ្រាប់បែក​អត្តឃាត​សម្លាប់​មនុស្ស​យ៉ាងតិច​២៦​នាក់​ នៅ​ប៉ា​គី​ស្ថាន

ចែករំលែក៖

​ប៉ូលិស​ប៉ា​គី​ស្ថាន​បាន​ថ្លែង​ថា​ ជនសង្ស័យ​ម្នាក់​បាន​វាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​ក្នុង​ការិយាល័យ​ធ្វើការ​របស់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​មួយ​កន្លែង​ ស្ថិត​នៅ​ភាគ​ពាយព្យ​ប៉ា​គី​ស្ថាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​២៦​នាក់​បាត់បង់​ជីវិត​ ។​

bomb (1)

​ហេតុការណ៍​វាយប្រហារ​នេះ​បាន​កើតឡើង​នៅ​ខាងក្រៅ​ទី​ស្នាក់​ Nadra​ ស្ថិត​នៅ​ក្នុង​ទីប្រជុំជន​ Mardan​ ។​ ក្រុម​ខ្មាន់កាំភ្លើង​របស់​ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​អះអាង​ថា​ ការ​វាយប្រហារ​នេះ​ជា​ទ​ង្វើ​របស់​ក្រុម​ខ្លួន​ ។​ ការ​វាយប្រហារ​នេះ​ក្រៅពី​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ នៅ​មាន​មនុស្ស​៤៥​នាក់​ផ្សេង​ទៀត​រង​របួស​ ។​

​នេះ​ជា​ការ​វាយប្រហារ​សម្លាប់​រង្គាល​បំផុត​ ចាប់តាំងពី​ធ្នូ​ ឆ្នាំ​២០១៤​មក​ ដែល​ការ​វាយប្រហារ​សម្លាប់​រង្គាល​បណ្តាល​ឲ្យ​មនុស្ស​១៥០​នាក់​ ភាគច្រើន​ ជា​សិស្សសាលា​ និង​គ្រូ​ ស្ថិត​នៅ​ទីក្រុង​ Peshawar​ នោះ​ ។​

​ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​ថា​ ជន​វាយប្រហារ​បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​មួយ​គ្រឿង​ ហើយ​បំផ្ទុះ​គ្រាប់បែក​ធ្វើ​អត្តឃាត​ នៅ​ពេល​ដែល​កងកម្លាំង​សន្តិសុខ​ដែល​យាមកាម​នៅ​ខាងក្រៅ​ការិយាល័យ​ Nadra​ នោះ​បាន​ឃាត់​ឲ្យ​ឈប់​ ។​

​ការិយាល័យ​ Nadra​ នេះ​ជា​និច្ចកាល​តែងតែ​កកកុញ​ទៅ​ដោយ​មនុស្ស​ ដោយសារ​តែ​ពលរដ្ឋ​ទៅ​កាន់​ទីនោះ​ដើម្បី​យក​អត្តសញ្ញាណប័ណ្ណ​របស់​ខ្លួន​ ។​ រហូត​មក​ដល់​ពេល​នេះ​ អាជ្ញាធរ​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​រហូត​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ខាងលើ​នេះ​បាន​កើន​ដល់​២៦​នាក់​ ហើយ​ភាគច្រើន​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ និង​រង​របួស​ គឺជា​ពលរដ្ឋ​ស៊ី​វិល​ ។​

​ទីភ្នាក់ងារ​រ៉​យ​ទ័​របា​ន​ផ្សព្វផ្សាយ​ថា​ ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​ Bacha​ Khan​ បាន​ទទួល​សាកសព​១៦​នាក់​ និង​ច្រើន​នាក់​ផ្សេង​ទៀត​រង​របួស​ ។​

​លោក​ Saeed​ Wazir​ អនុប្រធាន​ក្រុម​ស៊ើបអង្កេត​នៃ​ស្នងការ​ប៉ូលិស​ក្រុង​ Mardan​ នោះ​បាន​បញ្ជាក់​ថា​ ប្រសិនបើ​កងកម្លាំង​សន្តិសុខ​មិន​បាន​បញ្ឈប់​ជន​វាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​ខាងក្រៅ​របង​នោះ​ទេ​ ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ និង​អ្នក​រង​របួស​ អាច​នឹង​កើនឡើង​ច្រើន​ជាង​យ៉ាង​ពិតប្រាកដ​ ។​ លោក​បន្ត​ថា​ គ្រឿងផ្ទុះ​មាន​ទម្ងន់​រហូត​ដល់​១២​គីឡូ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​បំផ្ទុះ​នេះ​ ។​

​ក្រុម​ Jamaat-e-Ahrar​ ដែល​បំបែក​ខ្លួន​ចេញពី​ក្រុម​ឧទ្ទាម​តា​លី​បង់​ប៉ា​គី​ស្ថាន​ក្នុង​ឆ្នាំ​២០១៤​នោះ​បាន​អះអាង​ថា​ ខ្លួន​ជា​អ្នក​វាយប្រហារ​អត្តឃាត​ខាងលើ​នេះ​ ដោយសារ​ក្រុម​ទាំងនោះ​មិន​បាន​ជឿ​មក​លើ​សាសនា​នៅ​ប៉ា​គី​ស្ថាន​ ។​

​ក្រុម​ភេរវកម្ម​ Jamaat-e-Ahrar​ ក៏​ដូច​ជា​ក្រុម​ដទៃ​ផ្សេង​ទៀត​ផង​ដែរ​បាន​ប្រកាស​ទទួលស្គាល់​ការ​បំផ្ទុះ​គ្រាប់បែក​មួយ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​៥០​នាក់​បាត់បង់​ជីវិត​ ស្ថិត​នៅ​បន្ទាត់​ព្រំដែន​ Wagah​ ឆ្លង​កាន់​ចេញ​ ចូល​ទៅ​កាន់​ឥណ្ឌា​នោះ​កាលពី​ឆ្នាំ​២០១៤​ ។​

​អ្នកនាំពាក្យ​ក្រុម​ឧទ្ទាម​ Tehrik-e​ Taliban​ Pakistan​ (TTP)​ លោក​ Khurasani​ បាន​ប្រកាស​ថា​ គោល​ជំហរ​របស់​ក្រុម​ខ្លួន​មិន​គាំទ្រ​ដល់​សកម្មភាព​វាយប្រហារ​នៅ​តាម​ទី​សាធារណៈ​នោះ​ឡើយ​ ។​ ក្រុម​ឧទ្ទាម​ Tehrik-e​ Taliban​ Pakistan​ (TTP)​ ជា​ក្រុម​ភេរវកម្ម​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​ប៉ា​គី​ស្ថាន​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ កាលពី​ពេល​កន្លង​មក​ថ្មីៗ​នេះ​ ក្រុម​ឧទ្ទាម​ Tehrik-e​ Taliban​ Pakistan​ (TTP)​បាន​ប្រកាស​ទទួលស្គាល់​ការ​វាយប្រហារ​ជា​ច្រើន​លើក​ទៅ​លើ​គោលដៅ​ជន​ស៊ី​វិល​ ក្នុង​នោះ​មានការ​វាយប្រហារ​សម្លាប់​រង្គាល​នៅ​សាលារៀន​ក្នុង​ទីក្រុង​ Peshawar​ កាលពី​ធ្នូ​ ឆ្នាំ​២០១៤​ផង​ដែរ​។​

 

​ការ​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កាលពី​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដែល​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​នោះ​កើតឡើង​នៅ​បន្ទាប់​ពី​កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​ចាត់វិធានការ​ចំពោះ​ការ​វាយប្រហារ​មួយ​លើក​របស់​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១៥០​នាក់​រួច​មក​ ។​

​ប្រតិបត្តិការ​ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​របស់​កងកម្លាំង​ទាហាន​រដ្ឋាភិបាល​ បាន​ធ្វើ​ឲ្យ​សកម្មភាព​របស់​ក្រុម​ឧទ្ទាម​មានការ​ស្ងប់ស្ងាត់​ទៅ​វិញ​ខ្លះ​ដែរ​អំពី​ការ​វាយប្រហារ​ ដូចដែល​ធ្លាប់​បាន​កើត​ឡើងជា​រៀង​រាល់​ខែ​ក្នុង​ឆ្នាំ​២០១៤​នោះ​ ៕​

bomb

bomb (2)

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print