អាមេរិកប្រើគ្រប់វិធីសាស្ត្រដើម្បីជ្រៀតជ្រេកកិច្ចការផ្ទៃក្នុងរបស់ចិន ក្នុងនោះ មានកោះតៃវ៉ាន់ ហុងកុង និងទីបេ ហើយពេលនេះគឺតំបន់ស៊ីនជាំង ។ អាមេរិកបានយកហេតុផលសិទ្ធិមនុស្ស ដើម្បីលូកដៃបង្កឲ្យមានអស្ថិរភាពក្នុងសង្គម ។
ស្ថានទូតទីក្រុងប៉េកាំងប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបានថ្លែងថា សហរដ្ឋអាមេរិកបាននិងកំពុងប្រើប្រាស់«លេសសិទ្ធិមនុស្ស» ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។
កាសែត the Guardian នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ បានផ្សាយថា សហរដ្ឋអាមេរិកបានកាក់កម្រិតដល់ការផ្តល់ទិដ្ឋាការទៅលើរដ្ឋាភិបាលចិន និងមន្ត្រីគណបក្សកុម្មុយនីស្ត ដែលត្រូវចោទប្រកាន់ថា បានចូលរួមនៅក្នុងសកម្មភាព ធ្វើជំរំធំមួយឃុំឃាំងជនជាតិភាគតិចអ៊ុយហ្គរមូស្លីមជាងមួយលាននាក់ ក៏ដូចជាក្រុមជនជាតិមូស្លីមដទៃផ្សេងទៀតនៅក្នុងខេត្តស្វយ័តស៊ីនជាំង ។
ការប្រកាសរិតបន្តឹងទិដ្ឋាការនេះធ្វើឡើងដោយក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីមួយថ្ងៃក្រសួងពាណិជ្ជកម្មអាមេរិកបានអនុម័តរិតបន្តឹងការនាំចេញក្រុមហ៊ុនរបស់សហរដ្ឋអាមេ រិក ដើម្បីការពារពួកគេកុំឲ្យលក់ផលិតផល ដែលមានការទទួលស្គាល់ ក៏ដូចផលិតផលតាមដាន ឈ្លបយកការណ៍ជាដើម ទៅឲ្យអង្គភាព ឬក្រុមហ៊ុនចិនចំនួន២៨ ក្នុងនោះមានរួមបញ្ចូលទាំងការិយាល័យសន្តិសុខសាធារណៈ និងក្រុមហ៊ុនទាក់ទងនឹងការឃ្លាំមើល នៅក្នុងខេត្តស៊ីនជាំង ។
លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានថ្លែងការណ៍ថា «ប្រទេសចិនបានបង្ខិបង្ខំឃុំខ្លួនជនមូស្លីមជាង១លាននាក់ ក្នុងលក្ខណៈឃោរឃៅ, យុទ្ធនាការជាលក្ខណៈប្រព័ន្ធលុបបំបាត់ជំនឿសាសនា និងវប្បធម៌នៅក្នុងខេត្តស៊ីនជាំង ។ ចិនត្រូវតែបញ្ចប់ការគាបសង្កត់ ការឃ្លាំមើលយ៉ាងតឹងរឹងរបស់ខ្លួន, ដោះលែងជនទាំងអស់នោះដែលឃុំខ្លួនតាមអំពើចិត្ត ព្រមទាំងបញ្ឈប់ការបង្ខិតបង្ខំលើជនមូស្លីមចិននៅក្រៅប្រទេស» ។
ការប្រកាសដាក់ទណ្ឌកម្មរបស់អាមេរិកនេះ បានធ្វើឲ្យទីក្រុងប៉េកាំងប្រចាំនៅទីក្រុងប៉េកាំងឆ្លើយតបយ៉ាងខ្លាំងក្លា ដោយបានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងប្រើ«លេសសិទ្ធិមនុស្ស» ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។
នៅលើបណ្តាញទំនាក់ទំនងសង្គមធ្វីតធើរបស់ខ្លួន ស្ថានទូតចិនបានសរសេរថា «សកម្មភាពរបស់អាមេរិកនៅពេលនេះ កំពុងតែរំលោភបំពានយ៉ាងធ្ងន់ធ្ងរបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ, ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងធ្វើឲ្យអន្តរាយដល់ផលប្រយោជន៍របស់ប្រទេសចិន» ។
ស្ថានទូតចិនបានបន្តថា «ការប្រឆាំងភេរវកម្ម និងវិធានការកម្ចាត់ពួករ៉ាឌីកាល់ នៅក្នុងខេត្តស៊ីនជាំង គឺមានបំណងលុបបំបាត់ដែនដីកំណើតរបស់ពួកជ្រួលនិយម និងពួកគេរវកម្ម ។ វិធានការនោះស្ថិតនៅក្នុងខ្សែបន្ទាត់ច្បាប់របស់ចិន និងការអនុវត្តជាអន្តរជាតិ ព្រមទាំងមានការគាំទ្រពីប្រជាជនទាំងអស់ជិត២៥លាននាក់ ដែលជាជនជាតិភាគតិចផ្សេងៗទៀតនៅក្នុងខេត្តស៊ីនជាំង» ៕