ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR បានប្រកាសថា ជនភៀសខ្លួនប្រមាណជាង១លាននាក់បានចូលទៅកាន់ទឹកដីប្រទេសសហគមន៍អឺរ៉ុបតាមរយៈការធ្វើដំណើរតាមផ្លូវសមុទ្រ ចាប់តាំងពីពេលចាប់ផ្តើមឆ្នាំ២០១៥រហូតមដល់ពេលនេះ ។
ប្រភពបានបន្តថា ជាង៨០ភាគរយក្នុងចំណោមជនភៀសខ្លួន ១.០០០.៥៧៣នាក់បានមកដល់ប្រទេសក្រិក ហើយដែលច្រើនជាងគេនោះ គឺជនភៀសខ្លួនទាំងនោះបានមកកាន់ដែនកោះ Lesbos ។
ជនភៀសខ្លួនប្រមាណ៨៤៤.០០០នាក់ផ្សេងទៀតបានធ្វើដំណើរទៅកាន់ប្រទេសក្រិកតាមរយៈប្រទេសទួរគីដែលនៅជិតខាងគ្នា ។ រីឯជនភៀសខ្លួនដទៃផ្សេងទៀតប្រមាណ១៥០.០០០នាក់នោះបានឆ្លងកាត់តាមដែនសមុទ្រម៉េឌីទែរ៉ាណេ មកពីប្រទេសលីប៊ីដើម្បីឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី។
វិបត្តិជនភៀសខ្លួននៅពេលនេះហើយគឺជាវិបត្តិរបស់ប្រទេសសហគមន៍ដែលមានលក្ខណៈធ្ងន់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅនោះ ។
ចំនួនជនភៀសខ្លួនដែលធ្វើដំណើរតាមច្រកសមុទ្រគឺមានការកើនឡើងយ៉ាងគំហុកចាប់តាំងពីឆ្នាំ២០១៤ ។ ក្នុងឆ្នាំ២០១៤ ជនភៀសខ្លួនធ្វើដំណើរឆ្លងកាត់តាមដែនសមុទ្រមានត្រឹមតែ២១៦.០០០នាក់ប៉ុណ្ណោះ ។
អង្គការ UNHCR បានបញ្ជាក់ថា ជនភៀសខ្លួនប្រមាណ៤៩ភាគរយដែលធ្វើដំណើរតាមផ្លូវសមុទ្រម៉េឌីទែរ៉ាណេនោះគឺធ្វើដំណើរមកពីប្រទេសស៊ីរី ខណៈដែលជនភៀសខ្លួន២១ភាគរយផ្សេងទៀតមកពីប្រទេសអាហ្វហ្គានីស្ថាន ។
ការធ្វើដំណើរតាមផ្លូវសមុទ្រហើយជួបគ្រោះថ្នាក់បណ្តាលឲ្យបាត់បង់ជីវិត និងបាត់ខ្លួននោះមានប្រមាណ៣.៧៣៥នាក់ នៅពេលបច្ចុប្បន្ននេះ ។
កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ អង្គការជនភៀសខ្លួនអន្តរជាតិ(IOM) បានអះអាងថា ជនភៀសខ្លួនដែលឆ្លងកាត់តាមផ្លូវទឹក និងផ្លូវគោកគឺមានជាង១.០០៦.០០០នាក់ ។ ជនភៀសខ្លួនភាគច្រើននៅតែធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសក្នុងសហគមន៍អឺរ៉ុប បើទោះបីស្ថិតនៅក្នុងរដូវរងារយ៉ាណាក៏ដោយ ។ ការលំហូរជនភៀសខ្លួនទាំងនេះបានធ្វើឲ្យប្រទេសក្នុងសហគមន៍អឹរ៉ុបខ្លះដាក់របងលួសការពារនៅតាមព្រំដែនមិនឲ្យមានការឆ្លងចូលនោះឡើយពីសំណាក់ជនភៀសខ្លួន។
កាលពីសប្តាហ៍មុននេះ សហគមន៍អឺរ៉ុបបានយល់ព្រមនៅក្នុងការបង្កើនកងកម្លាំងសន្តិសុខ ក៏ដូចភ្នាក់ងារ Frontex នៅតាមព្រំដែនប្រទេសក្រិក ដែលនៅទីនេះជនភៀសខ្លួនភាគច្រើនមកកាន់ទីកន្លែងនេះមុនគេ ហើយបន្ទាប់មកពួកគេ បន្តដំណើរទៅកាន់សហគមន៍អឺរ៉ុបនោះ ។ ឪ
ប្រទេសអាល្លឺម៉ង់បានអះអាងថា ខ្លួនបានទទួលយកជនភៀសខ្លួនប្រមាណជាង១លាននាក់ហើយ ជាចំនួនច្រើនបំផុតជាងបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប ៕
ប្រែសម្រួល៖ ថាច់ យ៉ាត