ខេត្តកណ្ដាលៈ កូនចិត្ដអប្រិយ ល្មើសគុណម្នាក់ ផឹកស្រាស្រវឹងតែងរករឿងម្ដាយខ្លួនឯងឥតឈប់ រហូតអស់លុយពីខ្លួន មកសុំលុយម្ដាយ តែម្ដាយគ្មានលុយអោយ ក៏ជេរប្រមាថ និងយកកូនកាំបិតមកគម្រាម រួចទៅចាប់អូសក្រវាត់ម្ដាយ ធ្លាក់ពីលើគ្រែចំងាយ៤ទៅ៥ម៉ែត្រគួរឲ្យអាសូរ ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង វេលាម៉ោង ១៦និង៥០នាទី ថ្ងៃទី១០ ខែ១០ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយព្រៃ ឃុំកណ្តោក ស្រុកកណ្តាល ស្ទឹងខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អុន អាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រីឯជនរងគ្រោះឈ្មោះ ដប ហ៊ិន ភេទស្រី អាយុ៨៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជរា ។ ជនសង្ស័យនិងជនរងគ្រោះ ត្រូវជាម្ដាយកូននឹងគ្នា មានទីលំនៅភូមិ/ឃុំកើតហេតុ ។ ចំណែកវត្ថុតាងដកហូតបានមានកូនកាំបិតចុងស្រួចចំនួន១ ។
ប្រភពដដែលបន្ដថា កន្លងមក ជនសង្ស័យជាកូន តែងតែផឹកស្រាស្រវឹងរករឿងជេរប្រមាថគំរាម និងវាយទៅលើម្តាយបង្កើតខ្លួនឯងច្រើនលើក ច្រើនសារមកហើយ ។ លុះមកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ម៉ោង១៦និង៥០នាទី ជនសង្ស័យបានផឹកស្រាស្រវឹងជោគជាំ រួចជេរប្រមាថលើជនរងគ្រោះជាម្តាយ និងបានយកកាំបិតចុងស្រួចកាន់ក្នុងដៃគំរាមសុំលុយម្តាយចំនួន២០០០០រៀល តែម្តាយគ្មានលុយអោយ ភ្លាមនោះ ជនសង្ស័យក៏ស្ទុះមកប្រតាយប្រតប់រកលុយ និងហែកអាវម្តាយ រួចចាប់ម្តាយអូសក្រវាត់ធ្លាក់ពីលើគ្រែឃ្ទាតចម្ងាយ៤ទៅ៥ម៉ែត្រ ភ្លាមនោះក៏ផ្អើលដល់ប្រជាពលរដ្ឋជិតខាង បានរាយការណ៍មកនគរបាលប៉ុស្តិ៍កណ្តោក ដើម្បីជួយអន្ដរាគមន៍ឃាត់ខ្លួន ចាត់ការតាមច្បាប់បន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលកណ្ដោកទទួលបានព័ត៌ពីប្រជាពលរដ្ឋជិតខាង ភ្លាមនោះ ក៏ចុះមកធ្វើការឃាត់ខ្លួន រួចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមច្បាប់ ៕
...