ភ្នំពេញ៖ តារាចម្រៀងសំនៀងថ្នម ស៊ុន ស្រីពេជ្រ បានសម្រេចចិត្តចូលរោងការជាផ្លូវការហើយនៅថ្ងៃទី២៣ ខែតុលានេះ។ ការសម្រេចចិត្តចូលរោងការនេះក្រោយពីនាងបានរួមរស់ជាមួយស្វាមីក្រោមការដឹងលឺពីចាស់ទុំរហូតទទួលបានចំណងដៃកូនស្រីម្នាក់វ័យជិត១ខួប។
ភ្ញៀវកិត្តិយសជាច្រើនត្រូវបានតារាស្រី ស៊ុន ស្រីពេជ្រ អញ្ជើញរួចរាល់ហើយ ហើយមួយចំនួនធំគឺជាសិល្បករ។ បើតាមគម្រោង សុន ស្រីពេជ្រ នឹងចូលរោងការជាមួយលោក តិច សុខជា នៅថ្ងៃទី ២៣ ខាងមុខនេះ នៅពិភពសែនសុខអាគារ E ។ ហាក់ខុសពីគេបន្តិចដោយ សុន ស្រីពេជ្រ រៀបការដោយមានទាំងកូនស្រីតូចចូលរួមផងដែរ ។
ចំណងស្នេហ៍ថ្មីមានទាំងកូនស្រីម្នាក់នេះ បានបង្កើតជាគ្រួសារមួយផ្អែមល្ហែមល្ហែមខ្លាំងក្រោយពីនាងបានបែកបាក់គូដណ្តឹងកាលពីប៉ុន្មានឆ្នាំមុន។ អ្នកជិតដិតតារាស្រីរូបនេះបញ្ជាក់ដែរថា ក្រោយក្លាយជាមេម៉ាយខាន់ស្លាមក ស៊ុន ស្រីពេជ្រ បានខិតខំលើការងារខ្លាំងពិសេសត្រូវតស៊ូមើលថែឪពុកម្តាយចាស់ជរា និងបងប្រុសដែលមានជំងឺប្រចាំកាយ។ ក្រោយហែលឆ្លងការលំបាកនាងបានស្វែងរកបានបុរសដែលអាចរួមសុខរួមទុក្ខជាមួយគ្នាបាន ហើយសម្រេចចិត្តរួមរស់ជាមួយគ្នាដោយការសែនព្រេន និងមានការទទួលស្គាល់ពីឪពុកម្តាយទាំងសងខាង។
ទោះជាយ៉ាងណាពេលនេះនាងអាចក្រាបក្បាលដល់កន្ទេលជាថ្មីជាមួយគូស្នេហ៍ជាផ្លូវការហើយ៕ ដោយ វឌ្ឍនា