ជនសង្ស័យម្នាក់វាយបំផ្លាញម៉ូតូគេទុកចោលលើចិញ្ចើមផ្លូវបណ្ដាលឲ្យខូចយ៉ាងដំណំដោយពុំដឹងមូលហេតុ

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ដោយសារមានសារធាតុញៀនក្នុងខ្លួន បានធ្វើសកម្មភាពវាយដំម៉ូតូគេដែលទុកលើចិញ្ចើមផ្លូវ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ដោយពុំដឹងមូលហេតុ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ុម ជៀកលី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ  ស្រុកស្អាង ខេត្តកណ្ដាល រីឯជនរងគ្រោះឈ្មោះ យឿង បូណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ  ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងដកហូតបានមានដំបងឫស្សីងាប់ មានទំហ៊ំប៉ុនកជើង ប្រវែង២៧០សង់ទីម៉ែត្រចំនួន១ ដោយឡែកសម្ភារៈខូចខាតម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីមធុនសេ125 ពណ៌ខ្មៅ  ពាក់ស្លាកលេខ កណ្ដាល1U-9875 (ខូចខាតបាក់ក្បាំងខាងឆ្វេង បែកស្តុបខាងក្រោយ បែកកុងទ័រទាំងស្រុង) ។
ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ      វេលាម៉ោង១៤ និង៣០នាទី ជនរងគ្រោះឈ្មោះ យឿង បូណា បានជិះម៉ូតូខ្លួនមកភ្ជួរដីអោយគេ(ដីដាំបន្លែ) ដោយទុកម៉ូតូលើចិញ្ចើមផ្លូវក្បែដីដែលខ្លួនភ្ជួរ ស្ថិតក្នុងភូមិកើតហេតុ ខណៈនោះស្រាប់ជនសង្ស័យឈ្មោះ រ៉ុម ជៀកលី បានដើរចេញពីផ្ទះ ដោយក្នុងដៃកាន់ដំបងឬស្សីមក រួចក៏បានយកដំបងឫស្សីនោះទៅវាយម៉ូតូដោយពុំដឹងមូលហេតុ បណ្ដាលឲ្យម៉ូតូបាក់ក្បាំងខាងឆ្វេង បែកស្តុបក្រោយ បែកកុងទ័ ភ្លាមៗនោះ ជនរងគ្រោះ ក៏បានមករាយការណ៍ជូនលោកមេភូមិទួលក្រូច និងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវដើម្បីជួយអន្ដរាគមន៍ឃាត់ខ្លួន ។
បន្ទាប់ពីកម្លាំងនគរបាល បានទទួលព័ត៌មានខាងលើ ភ្លាមនោះ ក៏ចុះមកធ្វើការឃាត់ខ្លួនជនយកមកប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការបន្ដតាមនីតិវិធីច្បាប់ ។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យឈ្មោះ រ៉ុម ជៀកលី គឺជាមុខសញ្ញាប្រើប្រាស់គ្រឿង និងផឹកស្រាស្រវឹងជាប្រចាំ ខណៈដែលប្រើប្រាស់ថ្នាំញៀន និងផឹកស្រាម្ដងៗ ជនសង្ស័យតែងតែវ៉ៃបំផ្លិចបំផ្លាញរបស់របរ ទ្រព្យសម្បត្តិនៅក្នុងផ្ទះជាញឹកញាប់ និងរបស់របរ ទ្រព្យសម្បត្តិរបស់អ្នករស់នៅក្នុងភូមិផងដែរ   ៕

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print