ភ្នំពេញ ៖ នៅល្ងាចថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយក្នុងពិធិសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋខ្មែរ ជាគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
តាមការអោយដឹងពី ឯកឧត្តម ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរដែលបានជឿលើគ្រីស្ទសាសនាមានចំនួនសរុប ១១៤,៤០២នាក់។ គ្រីស្ទសាសនា ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម និងចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាព រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា វៀរចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូសរ៉ាយ អំពើហឹង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយសប្បាយចិត្ត ដែលបានអញ្ជើញចូលរួមសំណេះសំណាល និងពិសារអាហារសាគ្គីជាមួយបងប្អូនគ្រីស្ទបរិស័ទនាពេលនេះ។ នេះជាលើកទី៤ ហើយដែលសម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបងប្អូនគ្រីស្ទបរិស័ទ ដើម្បីសុខដុមនីយកម្មវិស័យគ្រីស្ទសាសនានៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលជាអ្នកកាន់គ្រីស្ថសាសនាទាំងអស់ក្នុងប្រទេសកម្ពុជា ដែលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការអភិវឌ្ឍប្រទេសជាតិ និងចូលរួមថែរក្សាសុខសន្តិភាព ជាពិសេសកន្លងមកនេះ បានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
សម្តចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាសាសនាធំៗនៅកម្ពុជាមាន៣ធំៗរួមមាន៖ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ , មានឥស្លាមសាសនា និងគ្រីស្ទសាសនា។ ហើយសាសនាទាំងអស់ អាចរស់នៅជាមួយគ្នាបានដោយមិនមានជម្លោះសាសនានោះទេហើយរាជរដ្ឋាភិបាលតែងតែផ្តល់ឱកាសនិងគាំទ្រចំពោះសាសនាទាំងអស់នោះដោយមិនមានការបំបិទសិទ្ធអ្នកកាន់សាសនាអ្វីឡើយ។
កម្ពុជាពិជាមានមោទនៈភាពចំពោះសាសនាទាំងអស់ដែលបានរស់នៅមិនមានជម្លោះនឹងគ្នា ហើយក៏មិនមានការវាយប្រហារខាងណានោះទេ។ សម្រាប់ប្រទេសកម្ពុជាបងប្អូនជឿទៅលើសាសនាមួយណា គឺជាសិទ្ធសេរីភាពរបស់បងប្អូន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជាបានរស់ឡើងវិញក្រោយពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំ។
ទំនាក់ទំនងរដ្ឋ និងសាសនាពិតជាបានបំពេញអោយគ្នាទៅវិញទៅមក ហើយនៅលើលោកនេះគ្មានសាសនាណាដែលប្រដៅមនុស្សអោយធ្វើអំពើអាក្រក់នោះទេ នៅក្នុងពិធីសំណេះសំណាលនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអោយប្រជាពលរដ្ឋអនុវត្តនូវចំនុចសំខាន់ៗចំនួន០៦ចំនុច៖
១)ត្រូវរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ក្នុងសង្គមអោយបានគង់វង្ស ពីព្រោះបើមិនមានសន្តិភាពទេ កុំនិយាយពីការរីកចម្រើនខាងសាសនាអោយសោះ មានសន្តិភាព យើងអាចធ្វើអ្វីៗបានគ្រប់យ៉ាង។
២)ត្រូវចូលរួមអនុវត្តអោយបានខ្ចប់ខ្ចួន នូវគោលនយោបាយភូមិឃុំមានសុវត្តិភាព ដូចជាចូលរួមលុបបំបាត់ចោរឆក់ ចោរប្លន់ ល្បែងស៊ីសងនានា។
៣)តាមសហគមន៍ ឬតាមវិហារសាសនា ត្រូវចូលរួមក្នុងយុទ្ធនាការកាត់បន្ថយ និងលុបបំបាត់បញ្ហាគ្រឿងញៀនខុសច្បាប់ផ្សេងៗ។
៤) ត្រូវយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ ដែលជាបញ្ហាសំខាន់ក្នុងប្រទេសរបស់យើង។ ដូច្នេះក្នុងពេលធ្វើដំណើរនៅលើដងផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍។
៥)ត្រូវបន្តការយកចិត្តទុកដាក់លើការធ្វើសុខដុមនីយកម្មសាសនាខ្លួនឯង និងធ្វើអោយមានទំនាក់ទំនងល្អជានិច្ច ជាមួយសាសនាដ៏ទៃទៀតផងដែរ។
៦)ត្រូវបន្តធ្វើការបណ្តុះបណ្តាលធនធានមនុស្សអោយបានច្រើនបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការចូលរួមចំណែកក្នុងសង្គម និងការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឲ្យបងប្អូនអ្នកគោរពប្រតិបត្តិគ្រីស្ទសាសនា ទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបន្តរក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងឲ្យកាន់តែមានការអភិវឌ្ឍទៅមុខទៀត។ នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនគ្រីស្ទបរិស័ទទាំងអស់សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា និងសូមព្រះយេស៊ូគ្រីស្ទព្រះអង្គប្រទានពរដល់បងប្អូនកូនក្មួយគ្រីស្ទបរិស័ទទូទាំងប្រទេស៕