សម្ដេច​តេជោ​ ហ៊ុន​ សែន​ ដឹកនាំគណៈ​ ប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចប្រទេសចំនួន៣នៅតំបន់អឺរ៉ុប

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចំនួន៣នៅតំបន់អឺរ៉ុបគឺ ៖ សាធារណរដ្ឋឆែក , ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ។

អញ្ជើញអមដំណើរសម្តេចតេជោនាយក​រដ្ឋមន្ត្រីរួមមាន ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនទៀតរបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ការបំពេញទស្សនកិច្ចទៅកាន់ប្រទេសចំនួន៣ខាងលើនេះ តបតាមការអញ្ជើញពីមេដឹកនាំប្រទេសរួមមាន ៖ លោក អេនដ្រេហ្គ បាប៊ីស (Andrej_Babis) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារ​ណរដ្ឋឆែកពីថ្ងៃទី១៣ ដល់ទី ១៤ ខែតុលា ឆ្នាំ២០១៩ ។ ក្នុងអំឡុងពេលទស្សនកិច្ចសម្តេចតេជោនាយករដ្ឋ​មន្រ្តី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក ចារ៉ូស្លាវ គុបេរ៉ា (Jaroslav Kubera) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឆែក។

បន្ទាប់ពីកិច្ចប្រជុំចង្អៀត សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកនាយករដ្ឋមន្ត្រី អេនដ្រេហ្គ បាប៊ីសនឹងជួបពិភាក្សាទ្វេភាគីលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម ។ ក្រោយជំនួបផ្លូវការនេះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយ​ ចំនួន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា។

ដោយឡែកតបតាមការអញ្ជើញលោក យ៉ាណូស អាឌ័រ (János Ader) ប្រធានាធិបតីហុងគ្រី សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្ដីពីទឹក លើកទី៣ (3d SW) នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី រៀបចំឡើងក្រោមប្រធានបទ «ការទប់ស្កាត់វិបត្តិទឹក » កិច្ចប្រជុំ ad_BWs នឹងផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនៈ ដើម្បីជំនះនូវបញ្ហាប្រឈមនានា ទាំងនៅក្នុងតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន សំដៅធ្វើយ៉ាងណាសម្រេចឲ្យបាននូវការរីកលូតលាស់ប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេសទប់ស្កាត់វិបត្តិទឹកឲ្យបាន ។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ ដោយផ្តោតទៅលើអាទិភាព យុទ្ធសាស្ត្រ និងកម្មវិធីការងារច្បាស់លាស់របស់កម្ពុជា ដើម្បីសម្រេចបាននូវការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងលើកឡើងពីភាពចាំបាច់ក្នុងកិច្ចប្រឹងប្រែងរួមគ្នាសម្រាប់សន្តិសុខទឹក និងនិរន្តរភាពបរិស្ថាន និងបញ្ហាប្រឈមដទៃទៀត ដូចជា និន្នាការនៃការឡើងកំដៅភពផែនដី កំណើនប្រជាជនក្នុងសកលលោក និងជម្លោះក្នុងការប្រើប្រាស់ទឹកឆ្លងដែន។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ុយដាប៉ែស សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក យ៉ាណូស អាឌ័រ ប្រធានាធិបតីហុងគ្រី ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកដោយ ឯកឧត្តម លី យ៉ុង (Li Yong) អគ្គនាយកអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO)។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសទី៣ ដោយតបតាមការអញ្ជើញរបស់លោក ប៉ូយកូ បូរីសសុវ (Boyko BorisSOV) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប៊ុលហ្គារី សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ ប៊ុលហ្គារី ពីថ្ងៃទី ១៥ ដល់ទី ១៦ ខែតុលា ឆ្នាំ២០១៩។

ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោកមិន រ៉ាដេវ (Rumen Radev) ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី ។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីប៊ុលហ្គារី លោកនាយករដ្ឋមន្ត្រីប៉ូយកូ បូរីសសុវ ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹងកិច្ច សហប្រតិបត្តិការទ្វេភាគីតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការបារម្ភរួមគ្នា ។

នៅចុងបញ្ចប់នៃជំនួបនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ច​សហប្រតិ បត្តិការមួយចំនួន ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print