ខេត្តកំពង់ចាម ៖ ជារឿយៗដំបូន្មានអោយប្រយ័ត្នធូបទានជៀសវាងកេីត គ្រោះអាក្រក់ជាយថាហេតុ ប៉ុន្តែនៅតែ កេីតមានដោយសារតែម្ចាស់ផ្ទះអុជធូបទុកចោលបណ្តាលអោយឆេះពូកនិងខោអាវរាលដាលដល់ដំបូលផ្ទះ សំណាងល្អ បានការអន្តរាគមន៍អាជ្ញាធរសមត្ថកិច្ច និងប្រជាពលរដ្ឋទាន់ពេល។
សមត្ថកិច្ចអោយដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០និង ៣០នាទី ព្រឹក នៅចំណុចភូមិអណ្ដូងស្វាយ ឃុំវិហារធំ ស្រុកកំពង់សៀម ។
ម្ចាស់ផ្ទះឈ្មោះ អោក ឡេង អាយុ៤៩ឆ្នាំ (ប្ដី) និង ប្រពន្ធឈ្មោះ យ៉េត ភាព អាយុ ៤៥ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិអណ្ដូងស្វាយ ឃុំវិហារធំ ស្រុកកំពង់សៀម។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបាន អោយដឹងថា នៅពេលមានករណីឆេះ ផ្ទះប្រជាពលរដ្ឋ លោកបានចាត់ឱ្យកម្លាំងជំនាញពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារធំ ចុះដល់កន្លែងកើតហេតុ សហការជាមួយប្រជាពលរដ្ឋ ជួយអន្តរាគមន៍ពន្លត់ភ្លើងឱ្យរលត់ទាន់ពេលវេលា ដោយប្រើ ប្រាស់អស់ទឹកមួយរថយន្ត។
សមត្ថកិច្ចអោយដឹងថា តាមការសន្និដ្ឋានបណ្តាលមកពីអុជធូបចោល បណ្តាលឱ្យឆាបឆេះពូកនិងខោអាវ ហើយក៏បានរាល ដាលដល់ដំបូលផ្ទះ។ ចំពោះករណីនេះបណ្ដាលឱ្យឆេះខូចខាតពូកដេក និងខោអាវមួយចំនួន៕ ដោយ ៖ វណ្ណៈ