SALA ត្រូវបានជ្រើសរើសឲ្យតំណាងកម្ពុជាក្នុងកិច្ចប្រជុំកំពូល Seedstars Asia 

ចែករំលែក៖

ភ្នំពេញ ៖ SALA ត្រូវបានជ្រើសរើសជាអាជីវកម្មទើបបង្កើតថ្មីដែលផ្តល់នូវការចាប់អារម្មណ៍បំផុតក្នុងព្រឹត្តិ ការណ៍ Smart TechTalk & Seedstars Pitch នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) កាលពីថ្ងៃម្សិលមិញ។ តាមរយៈការឈ្នះពានរង្វាន់ក្នុងនាមជាអាជីវកម្មទើបបង្កើតថ្មីដ៏ល្អបំផុតពីកម្មវិធី Seedstars ក្រុមហ៊ុន SALA នឹងអាចទទួលបានប្រាក់មូលនិធិដល់ទៅ ១លានដុល្លារអាមេរិកក្នុងកិច្ចប្រជុំកំពូលប្រចាំអាស៊ីនៃ Seedstars នៅខែវិច្ឆិកា និងកិច្ចប្រជុំកំពូលជាសកល (Global Summit) នៅប្រទេសស្វ៊ីស នាឆ្នាំក្រោយ។ 

លោក សុខ លាភ ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន SALA ដែលជាកម្មវិធី គ្រប់គ្រងសាលារៀន ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី ១២ និងសាកលវិទ្យាល័យ ជាមួយនឹងកម្មវិធីផ្សេងៗដូចជាការគ្រប់គ្រងសិស្ស ធនធានមនុស្ស ការបង់ប្រាក់ ព្រមទាំងរដ្ឋបាលសម្រាប់សាលារៀន មានប្រសាសន៍ថា៖ «ក្រោយពីភាពជោគជ័យរបស់ក្រុមហ៊ុន Joonaak Delivery និងបទពិសោធជាច្រើនដែលពួកគេទទួលបានកាលពីឆ្នាំមុន ខ្ញុំសង្ឃឹមថាយើងនឹងមិនត្រឹមតែធ្វើឲ្យកម្ពុជាមានមោទនភាពប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចទាញយកផលប្រយោជន៍ពីបណ្តាញទំនាក់ទំនងផ្សេងៗ ក៏ដូចជាឱកាសវិនិយោគនានា ដែលត្រូវបានផ្តល់មកឲ្យយើង អំឡុងពេលនៃកិច្ចប្រជុំក្នុងតំបន់ និងពិភពលោក ផងដែរ»។ 

ក្រុមហ៊ុន SALA ត្រូវបានជ្រើសរើសចេញពីក្រុមហ៊ុនចំនួន៨ចុងក្រោយ ដែលបានបង្ហាញគំនិតអាជីវកម្មឌីជី ថលរបស់ពួកគេទៅកាន់គណៈកម្មការវិនិច្ឆ័យក្នុងតំបន់ និងអន្តរជាតិ។ នៅព្រឹកថ្ងៃដដែលនោះ សិស្ស១ក្រុមដែលមានសមាជិកចំនួន៤នាក់មកពី Liger Leadership Academy បានយកឈ្នះសិស្សចំនួន៥ក្រុមផ្សេងទៀត ក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Seedstars Lean Launchpad ឆ្នាំទី១ ដែលជាកម្មវិធីសាកល្បង ដើម្បីជម្រុញទឹកចិត្តឲ្យមានការបណ្តុះគំនិត និងការបង្កើតគំនិតភាពជាសហគ្រិន ក្នុងចំណោមសិស្សថ្នាក់ ទី៩ ដល់សិស្សថ្នាក់ទី១២។ ព្រឹត្តិការណ៍ប្រចាំឆ្នាំ Smart TechTalk បានបញ្ចប់កាលពីចុងសប្តាហ៍មុន ដោយព្រឹត្តិការណ៍នេះទទួលបានការគាំទ្រពីមូលនិធិស្រាវជ្រាវ&អភិវឌ្ឍ និងកសាសមត្ថភាព (CBRD Fund)។ 

កម្មវិធីភាពជាសហគ្រិនបច្ចេកវិទ្យាទាំង៣នេះត្រូវបានអនុវត្ដក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងវិទ្យាជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា (MPTC)។ 

លោក Jonathan Yap ជាប្រធានផ្នែកនិយ័តករ និងកិច្ចការសាធារណៈក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «នេះគឺជាចុងសប្តាហ៍មួយក្នុងចំណោមចុងសប្តាហ៍ដែលខ្ញុំពេញចិត្តជាងគេក្នុងឆ្នាំនេះ ដោយ សារតែចុងសប្តាហ៍នេះបាននាំយកយុវជនវ័យក្មេងដ៏អស្ចារ្យទាំងនេះមកជួបជុំគ្នាជាមួយនឹងបុគ្គលឆ្នើមៗ និង   ឆ្លាតវៃបំផុតមកពីក្នុងតំបន់នេះ។ ដោយមើលឃើញពីការបង្ហាញផ្នត់គំនិតល្អៗផ្សេងគ្នាក្នុងព្រឹត្តការណ៍នេះ បានធ្វើឲ្យយើងមានមោទនភាព ដោយក្លាយជាផ្នែកមួយនៃដំណើរឌីជីថលរបស់កម្ពុជា ដែលយើងអាចគាំទ្រដល់ការបង្ហាញពីទេពកោសល្យដ៏អស្ចារ្យ ចំណង់ចំណូលចិត្ត និងភាពស្វាហាប់ ទៅក្នុងវិស័យបច្ចេកវិទ្យាក្នុងតំបន់»។ 

ក្នុងព្រឹត្តិការណ៍ TechTalk វាគ្មិនអន្តរជាតិសំខាន់ៗមកពីក្រុមហ៊ុន Amazon Web Services ក្រុមហ៊ុន Grab និង ក្រុមហ៊ុន Leaderonomics បានផ្តល់នូវការចាប់អារម្មណ៍យ៉ាងខ្លាំងដល់អ្នកចូលរួមទាំងអស់ កាលពីព្រឹកថ្ងៃអាទិត្យ ស្របពេលដែលនៅពេលរសៀល ការលើកឡើងពីចំណុចសំខាន់ៗដែលផ្តោតលើអាជីវកម្មទើបបង្កើតថ្មីពីក្រុមហ៊ុន Smart, ក្រុមហ៊ុន Beenext Capital និង ក្រុមហ៊ុន Kid Hero បានធ្វើការបំភ្លឺកាន់តែច្បាស់ដល់អ្នកចូលរួមទាំងអស់ ដែលមានសិស្សានុសិស្ស ក្រុមអ្នកសិក្សាស្រាវជ្រាវ ស្ថាបនិកអាជីវកម្មទើបបង្កើតថ្មី  វិស័យឯកជន ក៏ដូចជាមន្ត្រីតំណាងឲ្យរាជរដ្ឋាភិបាល។ 

រាល់បទបង្ហាញទាំងអស់ ត្រូវបានធ្វើឡើងក្រោមទស្សនទាន «រួមគ្នាឆ្ពោះទៅកាន់អនាគតឌីជីថល» ដែលក៏ជាទស្សនទានរបស់កម្មវិធី BarCamp ASEAN ឆ្នាំ២០១៩ ផងដែរ ដែលត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅចុងសប្តាហ៍តែមួយ។ កម្មវិធី BarCamp ក៏ត្រូវបានគាំទ្រដោយក្រុមហ៊ុន Smart Axiata រួមជាមួយនឹងវិទ្យាជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print