ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមកកាត់សក់ជាន់ហ្គែរច្រឡំហ្វ្រាំងទៅបុកទ្វារហាងកាត់សក់ ធ្លុះចូលក្នុងបណ្ដាលឲ្យមានមនុស្ស៣នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះបង្កឲ្យមានកាភ្ញាក់ផ្អើលកើតឡើងនៅម៉ោង៩ និង ៤០នាទីព្រឹក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ដម៉ាកតូយ៉ូតាកាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AF-5868 បើកតាមបណ្ដោយផ្លូវលេខ២២៣ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុបានបើករថយន្ដបត់ឡើងចតទុកនៅមុខហាងដើម្បីកាត់សក់ ខណៈនោះក៏ច្រឡំជាន់ហ្គែរទៅ បុកម៉ូតូមួយគ្រឿង និងទ្វារកព្ចាក់បណ្ដាលឲ្យជាងក្នុងហាងប្រុសស្រី៣នាក់រងរបួសធ្ងន់ត្រូវ បានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកឯម្ចាស់រថយន្ដត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរតាមនីតិវិធី។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុបានយករថយន្ដដែរបង្កយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ