អ្នកចម្រៀងខ្មែរសុរិន្ទ ដាកា និងមន្តត្រា នឹងស្កាត់មកច្រៀងនៅវត្តលក្ខរាជាខេត្តស្វាយរៀង

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងខ្មែរសុរិន្ទម្ចាស់បទ”ចាក់អន្ទង់” លោក ដាកា និងម្ចាស់បទ”ឃ្លានស៊ីចេក”អ្នកនាងមន្តត្រា នឹងធ្វើដំណើរមកពីខេត្តសុរិន្ទប្រទេសថៃដើម្បីចូលរួមច្រៀងក្នុងពិធីបុណ្យកឋិនទានមួយនាវត្តលក្ខរាជា នាស្រុករំដួល ខេត្តស្វាយរៀង។ ការធ្វើដំណើរលះបង់មកជួបពលរដ្ឋខ្មែរ និងអ្នកគាំទ្រដោយជិះរថយន្តរាប់រយគីឡូម៉ែត្រនេះក៏ក្នុងទឹកចិត្តជ្រះថ្លានឹងព្រះពុទ្ធសាសនា និងចង់ជួបជុំពលរដ្ឋខ្មែរក៏ដូចជាអ្នកគាំទ្រផងដែរ។

លោក សុខលីម រក្សា អ្នកគ្រប់គ្រងទូទៅនៃផលិតកម្ម យ៉ូប បានបញ្ជាក់ថា តារាចម្រៀងទាំងពីរខាងលើនឹងចេញដំណើរមកពីខេត្តសុរិនប្រទេសថៃនៅថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៩នេះ ដើម្បីជួបជុំពុកម៉ែបងប្អូននៅខេត្តស្វាយរៀង ហើយក៏ជាលើកដំបូងដែលពួកគាត់ធ្វើដំណើរទៅកាន់ទីនោះ។

លោកបញ្ជាក់ថាជាទឹកចិត្តជួយដល់ពិធីនៅវត្តលក្ខណ៍រាជាដែលធ្លាប់ល្បីអំពីកម្មវិធីវត្តពិសេសកម្មវិធីដែលចូលរួមថែរក្សាប្រពៃណីវប្បធម៌ខ្មែរ ទើបពួកគាត់សម្រេចចិត្តចូលរួមដោយជិះរថយន្តរាប់រយគីឡូម៉ែត្រ។ លោកបន្តថាពួកគាត់បានត្រៀមទាំងសម្លៀកបំពាក់ប្រពៃណី និងបទចម្រៀងបែបកន្ទ្រឹមសុរិនជាច្រើនបទដើម្បីបម្រើការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋនៅទីនោះផងដែរ។
​ព្រះតេជគុណ យឹម សារិន ព្រះចៅអធិការវត្តលក្ខណ៍រាជាបានមានសង្ឃដីការថាព្រះអង្គ និងប្រជាពលរដ្ឋមានចិត្តត្រេកអរក្រោយពីទទួលដំណឹងថាតារាចម្រៀង សុរិន បានធ្វើដំណើរមកពីចម្ងាយចូលរួមច្រៀងក្នុងកម្មវិធីបុណ្យកឋិន នៅវត្តលក្ខរាជាភូមិរាជាឃុំ កំពង់ចក ស្រុករំដួល នៅថ្ងៃទី២៩ ខែតុលានេះ។

ព្រះតេជគុណបន្តថាកម្មវិធីបុណ្យកឋិនទាននឹងរៀបចំធ្វើទៅតាមទំនៀមទម្លាប់ប្រពៃណី តាមលំអានព្រះពុទ្ធសាសនា ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ពុទ្ធបរិស័ទ្ធទីជិតឆ្ងាយ ។ ព្រះតេជគុណមានសង្ឃដីការដែរថាបច្ច័យដែលបានពីពិធីបុណ្យនេះក៏នឹងត្រូវប្រមូលកសាងរូបបដិមាព្រះអង្គទ្រង់ប្រសូត្រ និងបរិនិព្វាន ដែលបច្ចុប្បន្នកសាងបាន៣០ភាគរយហើយនោះ។

ក្រៅពីកម្មវិធីសាសនាព្រះតេជគុណក៏បានអនុញ្ញាតិឲ្យមានកម្មវិធីតាមទំនៀមទម្លាប់ និងការកម្សាន្តសម្រាប់ពុទ្ធបរិស័ទ្ធផងដែរមានដូចជាតន្ត្រីកម្សាន្តកំប្លែងរបស់ក្រុមនាយក្រូច ការបង្ហាញពីទំនៀមទម្លាប់នៃការស្លៀកពាក់បែបប្រពៃណីខ្មែរសំពត់ហូល ចងក្បិនរបស់យុវជនក្នុងតំបន់ជាដើម។ ព្រះតេជគុណរំពឹងថាកម្មវិធីបុណ្យនេះនឹងមានការចូលរួមច្រើនកុះករពីសំណាក់ពុទ្ធបរិស័ទ្ធទីជិតឆ្ងាយចូលរួម និងអនុមោទនាយកផល្លានិសង្សតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print