ភ្នំពេញ ៖ ទីក្រុងស្អាត ជាកាតព្វរបស់រដ្ឋ ឯកជន ឬប្រជាពលរដ្ឋ? លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងជាពលរដ្ឋកម្ពុជាម្នាក់បានចូលរួមចែកជាគំនិតប្រកបដោយកត្តាឆន្ទៈអភិវឌ្ឍ ពាក់ព័ន្ធនឹងបរិស្ថានល្អស្អាត និងផ្លូវសាធារណ: នៅទីក្រុងប៉េងកាំង សាធារណៈរដ្ឋប្រជាមានិតចិន។
លោក មករា ត្រូវស្វែងយល់ដោយត្រូវចំណាយពេលវេលាផ្ទាល់ខ្លួនប្រមាណជាង៣ម៉ោង ក្នុងចម្ងាយផ្លូវប្រមាណជិត២០គីឡូម៉ែត្រ ដេីម្បីផ្តិតយករូបភាពមួយចំនួនពីទីក្រុងប៉េងកាំង សាធារណៈរដ្ឋប្រជាមានិតចិន ជាការចូលរួមជាបច័្ចយគំនិតជូនប្រជាពលរដ្ឋខ្មែរយើង ប្រសិនបើស្រលាញ់បរិស្ថាន ល្អស្អាត ផាសុខភាព ស៊ីវីល័យ អនាម័យ មនោរម្យ ក្រោយលោកបានចប់ការចូលរួមកិច្ចប្រជុំ និងមុនពេលឡើង យន្តហោះត្រឡប់មកមាតុ ប្រទេសវិញ ។
លោក មករា បានលេីកឡេីងថា លោកត្រូវធ្វេីដំណើរដោយថ្មើរជើងបណ្តើរ គិតស្រមោលស្រមៃបណ្តើរ អស់រយៈពេលជាង៣ម៉ោង ព្រោះចង់ឃើញប្រទេសកម្ពុជារបស់យើងមានភាពស្រស់បំព្រងបែបនេះ។
លោកអះអាងថា ការនិយាយបែបនេះមិនមែនបង្អាប់ប្រទេសជាតិដើមកំណើតខ្លួនឯង ហើយប្រៀបធៀបការរីកចម្រើនរបស់ប្រទេសដទៃនោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងនិងជូនឧទាហរណ៍ក្រែងបងៗឬថ្នាក់ដឹកនាំពាក់ព័ន្ធ វិស័យឯកជន ពិសេសប្រជាពលរដ្ឋខ្មែរយើងទូទាំងនគរ អាចចូលរួមស្ថាបនានិងអភិវឌ្ឍប្រទេសជាតិយើងឱ្យជឿនលឿនដូចគេនេះ។
លោកបានដាក់ជាគំនិតក្នុងន័យពិចារណាទាំងអស់គ្នា ថាតេីការគោរពច្បាប់និងទំលាប់គិតពីអនាម័យគឺជាកត្តាចម្បងដែលប្រជាពលរដ្ឋខ្មែរ យើងគួរនាំគ្នាពិចារណា? លោកថា សម្រាប់ខ្ញុំ ខ្ញុំជឿថាប្រជាពលរដ្ឋខ្មែរគ្រប់រូបពិតជាចង់ឱ្យប្រទេសកម្ពុជារបស់យើងមានសោភ័ណ្ឌភាពដូចក្នុងរូបទាំងនេះអញ្ចឹង តើ មែនឬទេ?
ក្រោយបញ្ចប់ដំណេីរថ្មេីរជេីងចម្ងាយផ្លូវ ប្រមាណ២០គីឡូ លោកបានកត់សម្គាល់សង្កេតឃើញការរៀបចំទីក្រុងរបស់គេ មានដូចខាងក្រោមនេះ៖
-ការរៀបចំផ្លូវសម្រាប់ធ្វើចរាចរណ៍បានល្អ
-មានចំណតសម្រាប់គ្រប់យាន្តជំនិះ
-ការខ័ណ្ឌចែកផ្លូវសម្រាប់យានយន្ត ទោលចក្រយាន្តយន្ត ផ្លូវសម្រាប់អ្នកថ្មើរជើង
-ទុកចំណីផ្លូវឬចិញ្ចើមផ្លូវបានធំៗល្អ
-ហាងដែលធ្វើអាជីវកម្មលើដងវិថី មានទុកគម្លាតឬចិញ្ចើមផ្លូវធំៗ មានជម្រាល មានកន្លែងចតយានជំនិះ
-ការគោរពច្បាប់ចរាចរណ៍បានល្អ
-មានផ្លូវពិសេសសម្រាប់រថយន្តក្រុងឬសាធារណៈ
-មានជម្រាលសម្រាប់មនុស្សចាស់ ជនមានពិការភាព ស្ត្រីពោះធំ កុមារដើរឡើងឆ្លងផ្លូវកាត់ថ្នល់ធំៗ
-សោភ័ណ្ឌភាពលូបង្ហូរទឹកស្អុយ
-ការដាក់តាំងលម្អនិងរចនាសួនច្បារ សួនផ្កាតាមដងវិថីសាធារណៈ
-លំនៅដ្ឋានប្រជាពលរដ្ឋភាគច្រើនគឺសម្រាប់តែរស់នៅ មិនសម្រាប់ធ្វើអាជីវកម្ម
-មានចែកតំបន់អាជីវកម្ម លំនៅឋាន អគារខ្ពស់ៗ ផ្សារទំនើប កន្លែងធ្វើការ។ល។
-ការរៀបចំបានល្អនូវប្រព័ន្ធខ្សែអគ្គីសនី ទូរស័ព្ទ អ៊ីនធ័រណែត ខ្សែកាបទូរទស្សន៍។ល។ល។
លោកសង្ឃឹមថា ការប្រែក្លាយក្តីស្រមៃរបស់លោកខាងលើនេះ ស្របតាមបំណងប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែល តែងតែចង់បាន ។
លោកបញ្ជាក់ថា មានកត្តាជាច្រើនណាស់ ទម្រាំយើងអាចសម្រេចបាននូវការស្រមោលស្រមៃបែបនេះ នោះរួមមាន៖
-កត្តាសន្តិភាព
-កត្តាសេដ្ឋកិច្ច
-កត្តាស្នេហាជាតិ
-កត្តាឆន្ទៈអភិវឌ្ឍ
-កត្តាសាមគ្គីភាព
-កត្តាស្រលាញ់បរិស្ថាននិងអនាម័យ
-កត្តាវិនិយោគទុន
-កត្តាលះបង់
-និងមានកត្តាជាច្រើនទៀត។ល។ល។ល។
លោកទទួលស្គាល់ថា ការរៀបចំទីក្រុង ខេត្ត ឬជនបទសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដូចប្រទេសកម្ពុជារបស់យើងគឺមិនមានភាពងាយស្រួយដូចការនិយាយនិងការចង់បាននោះទេ ព្រោះនិយាយងាយស្រួលជាងធ្វើ ប៉ុន្តែកម្ពុជា បច្ចុប្បន្ននេះ គឺមានសន្តិភាពពេញលេញ ដែលជាកត្តាសំខាន់ណាស់សម្រាប់ការអភិវឌ្ឍនិងរីកចម្រើនផ្នែកសេដ្ឋកិច្ច ព្រម ទាំងការធ្វើវិនិយោគទន់ផងដែរ ។
សរុបជារួម សង្ឃឹមថាប្រជាពលរដ្ឋខ្មែរគ្រប់រូបគឺអាចធ្វើបាន ៕