យំអស់ទឹកភ្នែក ម្តាយត្រឹមអង្គុយមើលសពកូនដោយសង្វេក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ៖ ក្មេងប្រុស​ទើបតែ​រៀន​ដើរ​តេះតះ​ ឪពុក ម្តាយ​ ទុក​ឲ្យ​យាយ​មើល​ចេញទៅ​ធ្វើស្រែ ប្រហែស​តែមួយ​ភ្លែត​កូន​ជាទី​ស្រឡាញ់ ​បាន​ដើរទៅ​ទឹកស្រះ​មុខផ្ទះ​បណ្តាល​ឲ្យ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅវេលា​ម៉ោង​៣​ល្ងាច ថ្ងៃទី​១៨ ខែតុលា ឆ្នាំ ២០១៩ នៅ​ចំណុច​មុខផ្ទះ ក្នុងភូមិ​បឹង​វែង ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។
លោក​រ័ត្ន​ ដា​ស៊ីណង់ អភិបាលស្រុក​មង្គល​បូរី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា​ កុមារា​ដែល​លង់ទឹក​ស្លាប់​នោះ ​មាន​ឈ្មោះ សឹង វ៉ា​ត់ អាយុ ១៧​ខែ ​ឪពុក​ឈ្មោះ ភា វ៉ាន់ អាយុ​៣៦​ឆ្នាំ ម្ដាយ​ឈ្មោះ ធឿន សុ​ធេ​ន អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​បឹង​វែង ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី ខេត្ត​​បន្ទាយមានជ័យ។
លោក​រ័ត្ន​ដា​ស៊ី​ណង់ ​បញ្ជាក់​ឲ្យ​ដឹងថា​ បើតាម​ការ​អះអាងរ​បស់​ក្រុមគ្រួសារ ​បាន​និយាយថា ​នៅមុន​ពេល​កើតហេតុ​នោះ ឪពុក ម្តាយ​ក្មេងប្រុស​នោះ បាន​ចេញពីផ្ទះ​ទៅធ្វើ​ស្រែ​ ហើយ​ទុក​កូន​ឲ្យ​ម្តាយ​មើល នៅ​ម៉ោង ជាង​២​នោះ ​ម្តាយ​បាន​ដើរទៅ​មុខផ្ទះ​ ដាក់​បាយ​ជ្រូក ​ស្របពេលនោះ​ចៅ​បាន​ដើរ​តាម​ក្រោយ​ ហើយ​​បាន​ចុះ​ទឹកស្រះ​លង់​ស្លាប់​តែម្តង។ ពេល​យាយ​មកពី​ដាក់​បាយ​ជ្រូក​វិញ​មិនឃើញ​ចៅ​ដើររក​ជុំវិញ​ផ្ទះ​មិនឃើញ​សង្ស័យ​ចុះ​រាវ​ក្នុង​ស្រះ​ប្រទះឃើញ​ចៅ​ស្លាប់​បាត់​ទៅហើយ ក៏​​​បី​យកមក​ដាក់​ផ្ទះ​។​ ពេលដែល ឪពុក ម្តាយ​មកពី​ធ្វើស្រែ​វិញ​បានត្រឹមតែ​អង្គុល​មើលមុខ​កូន​យំ​ស្ទើរ​គាំងបេះដូង​ស្លាប់​តែប៉ុណ្ណោះ​ ហើយ​បានរៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។
ក្នុង​នោះ​លោក​អភិបាលស្រុក​បាន​អំពាវនាវ​ដល់ ឪពុកម្ដាយ អាណាព្យាបាល​ទាំងអស់​មេត្តា​មានការ ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​កូនចៅ​តូចៗ​ផង៕សំ វិច្ឆិកា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print