ខេត្តកំពង់ចាម ៖ ម្សិលមិញនេះ កម្លាំងជំនាញនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយ ជំនាញស្រុកមុខកំពូលខេត្តកណ្ដាល បានបន្តបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង១៥៖៣០នាទី ស្ថិតនៅភូមិចុងព្រែក ឃុំរការកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រតិបត្តិការណ៍នេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន ។ លោកថា បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យចំនួន១១នាក់ ដែលបង្ក្រាបបាននៅស្រុកកងមាស កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ត្រូវចុះសហការជាមួយជំនាញស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើឡើងនៅវេលាម៉ោង១៥.៣០នាទីនៅភូមិ ចុងព្រែក ឃុំរការកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ។
លោកបន្តថា ជនសង្ស័យទាំង២នាក់ដែលកម្លាំងនគរបាលចាប់ឃាត់ខ្លួនមាន ៖ ១.ឈ្មោះ ប៊ុន តុលា ភេទប្រុស សញ្ជាតិខ្មែរ អាយុ២២ឆ្នាំ រស់នៅភូមិចុងព្រែក ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល , ២.ឈ្មោះ សាំង សុីថេត ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែររស់នៅភូមិស្ពានថ្មី ឃុំរការកោង ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្រោយការចាប់ឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ថ្នាំំញៀន១៦កញ្ចប់ , ទូរស័ព្ទដៃចំនួន០៤គ្រឿងនឹងថង់វេចខ្ចប់មួយចំនួនធំ ។ ពួកគេនិងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ដើម្បីចាត់តាមច្បាប់ ៕ ដោយ ៖ វណ្ណៈ