ខេត្តព្រះសីហនុ ៖ ក្រុមប្រជាពលរដ្ឋតំបន់សេតេ ដែលមានវ័យចំណាស់មួយចំនួនបានអះអាងថា ផ្លូវពីសម័យដើម ដែលបានតភ្ជាប់ ពីផ្លូវសេតេឡើងទៅវត្តលើ ដែលពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់មានទីតាំងស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុនាប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានម្ចាស់រីសត យីហោ 360 RESORT បានរំលោភយកផ្លូវប្រវែង៣ម៉ែត្រ ដែលធ្វើឲ្យទំហំផ្លូវនៅរួមតូចជាហេតុធ្វើ ឲ្យប្រជាពលរដ្ឋមានការលំបាកធ្វើដំណើរ ចេញចូលលំនៅឋានជារៀងរាល់ថ្ងៃ។
ជុំវិញការចោទប្រកាន់នេះ បើយោង តាមកំណត់ហេតុការិយាល័យប្រជាពល រដ្ឋខេត្តព្រះសីហនុ លេខ ០០៨/១៩ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ អ្នកស៊ើបអង្កេតនិងធ្វើបទសម្ភាសន៍ពីឈ្មោះ អុឹង សំអាង អាយុ៦៤ឆ្នាំ ជាមន្ត្រីរាជការចូលនិវត្តន៍ ដើម បណ្ដឹងសុំអន្តរាគមន៍ពីលោកអភិបាលខេត្ត ព្រះសីហនុ ពីការសាងសង់ផ្លូវសាធារណ:ខុសច្បាប់លេខ ១១២១៦ និងស្នើសុំបើកផ្លូវដើម្បីតភ្ជាប់រវាងអន្តរភូមិ២ សង្កាត់លេខ៣ ទៅភូមិ៣ សង្កាត់លេខ១ (ពីបុរីកម្មករដល់វត្តលើ) ជាប់ជាមួយនឹង រីសត (360 RESORT)។
យោងតាមលិខិតរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លេខ ១៩៤៦ ដនស/ អរប/នរប ចុះថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៧ គោរពជូនលោកអភិបាល នៃ គណ:អភិបាលខេត្តព្រះសីហនុ កម្មវត្ថុ ករណីសុំអន្តរាគមន៍បើកផ្លូវលេខ១១២១៦ ធ្វើផ្លូវដើម្បីតភ្ជាប់រវាងអន្តរភូមិ២ សង្កាត់លេខ៣ ទៅភូមិ៣ សង្កាត់លេខ១ (ពីបុរីកម្មករដល់វត្តលើ) ក្រុងព្រះសីហនុ និងយោងលិខិតលេខ ១១៣៥ ខន/០១៧ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៧ របស់ខុទ្ទកាល័យសម្ដេចតេជោ និងចំណារ របស់លោកទេសរដ្ឋមន្ត្រី ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៧ និងក្រសួងបានស្នើសុំឲ្យលោកអភិបាលខេត្តពិនិត្យលើសំណូម ពរនេះ សូមលោកអភិបាលខេត្ត មេត្តាចាត់ចែងអនុវត្តតាមការគួរ។
ពាក់ព័ន្ធនិងបញ្ហានេះ បើតាមមេការ រីសត យីហោ 360 RESOR ឈ្មោះ ឆេង ចាន់ធី (CHENG CHANTHY) ជនជាតិខ្មែរបានឲ្យដឹងថា បញ្ហាផ្លូវនេះ គាត់មិនអាចអារកាត់បានទេ ដោយកំពុង រង់ចាំម្ចាស់រីសតមកពីបរទេសសិន និង យកឯកសារ ពាក់ព័ន្ធជាមួយផ្លូវនេះទៅ ផ្ដល់ជូនក្នុងការផ្ទៀងផ្ទាត់។
ចំពោះបញ្ហានេះលោក សំ សំអាត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ មិនអាចសុំការបំភ្លឺបាននៅឡើយដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាននៅម៉ោងចេញផ្សាយនេះ។
ជុំវិញបញ្ហានេះ បើមើលតាមឯកសារ ប្រភព និងការស្នើសុំរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវលំខាងលើ គឺពិតជាពល រដ្ឋទាំងនោះបានស្នើសុំពិតប្រាកដមែន ហើយ បើតាមការលើកឡើងរបស់ពលរដ្ឋ ថា ផ្លូវនេះមានប្លង់មេតាំងពីដើមមក មិន មែនជាផ្លូវឯកជនណាមួយនោះទេ ប៉ុន្តែ រដ្ឋបាលខេត្ត រដ្ឋបាលក្រុងក៏ធ្លាប់បានចុះត្រួតពិនិត្យរួចរាល់ហើយដែរ តែមិនទាន់ឃើញមានចំណាត់ការណាមួយដោះស្រាយ ជូនពួកគាត់នៅឡើយទេ ខណៈរាល់ថ្ងៃនេះ ឃើញមានតែខាងរីសត កំពុងរៀបចំធ្វើ របងជាប់នឹងដីចំណីផ្លូវនេះយ៉ាងសកម្មទៅវិញ។
ដោយឡែក លោក អុី ធារិន នាយកទីចាត់ការអន្តរវិស័យបានបញ្ជាក់ថា ចំពោះ បណ្តឹងរបស់លោកអ៊ឹង សំអាង ពុំទាន់ធ្លាក់មកដល់ការិយាល័យលោកនៅឡើយទេ ប៉ុន្តែបើសំណុំរឿងបញ្ជូនមកដល់លោក លោកនឹងចាត់ការទៅតាមនីតិវិធីភ្លាមបន្ទាប់ ពីមានចំណារបញ្ជូនរបស់លោកអភិបាល ខេត្តដើម្បីប្រយោជន៍សាធារណៈ៕ ហេង សូិរយា