ខេត្តសៀមរាប ៖ សូមកោតសើរដល់កម្លាំងសមត្ថកិច្ចដែលទប់ស្កាត់ទាន់ពេលវេលា!! ស្រ្តីជនជាតិថៃចំនួនពីរនាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បន្ទាប់ពីមន្ត្រីគយពិនិត្យរកឃើញគ្រឿងញៀនដ៏ច្រើននៅក្នុងកាបូបយួរដៃ ដែលមានទម្ងន់ប្រមាណជាង២៧.៣០គីឡូក្រាម ។
ស្នងការរងទទួលផែនបទល្មើសគ្រឿងញៀន លោក អ៊ុំ អំរ៉ា បានឲ្យដឹងថា ស្ត្រី២នាក់ជាជនជាតិថៃ ១-ឈ្មោះ SAVAENGPHOL SUPHAPORN ភេទស្រី សញ្ជាតិថៃ អាយុ៣៧ឆ្នាំ និង២-ឈ្មោះ PRACHAMON WIPA ភេទស្រី សញ្ជាតិថៃ អាយុ៣០ឆ្នាំ ។ លោកអះអាងថា គ្រឿងញៀនទាំងនេះជាប្រភេទមេតំហ្វេតាមីន ហើយពួកគេមានបំណងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃថ្មីៗនេះនៅខេត្តកំពង់ធំ សមត្ថកិច្ចបានស្រាវជ្រាវបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ចាប់យកគ្រឿងញៀនសរុប៩៣កញ្ចប់ ស្មើនឹង៩៣ គីឡូក្រាម ៕ ដោយ ៖ ជាយក្រុង