ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយសារបុរសម្នាក់មានប្រពន្ធរួចទៅហើយបានលួចទាក់ទងជាមួយស្រីថ្មីខណៈកំពុងសង្ងំសោយសុខក្នុងបន្ទប់ជួល ស្រាប់តែប្រពន្ធតាមទាន់ចាក់សោទ្វារខាងក្រៅរួចប្តឹងនគរបាលឲ្យជួយអន្តរាគមន៍ កាលពីម៉ោង៧យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅបន្ទប់ជួល ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីជាប្រពន្ធមានឈ្មោះ ហ៊ិន ដាលីន អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តកំពង់ធំ ។ ចំណែកបុរសជាប្តីលួចលាក់មានស្រីថ្មីមានឈ្មោះ គា ធារិទ្ធ អាយុ៣១ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតនៅភូមិ-ឃុំជាមួយគ្នា ។ ដោយឡែកស្រីស្នេហ៍របស់ប្តី ជាកម្មការិនីកាត់ដេរ មានស្រុកកំណើតនៅជាមួយប្តី-ប្រពន្ធខាងលើនេះដែរ ។
បើតាមប្រភពពីស្ត្រីជាប្រពន្ធបានឱ្យដឹងថា រូបគាត់នឹងប្តីរៀបការ៧ឆ្នាំមកហើយ បង្កើតបានកូនស្រី២នាក់ ដោយកូនបងអាយុ៦ឆ្នាំ និងកូនពៅអាយុ៤ឆ្នាំ កន្លងមកប្តីរបស់គាត់ស្រឡាញ់ក្រុមគ្រួសារខ្លាំងណាស់ ជាប្តីល្អ និងជាឪពុកល្អ ។ ប៉ុន្តែថ្មីៗនេះ ប្តីគាត់លួចមានស្រីថ្មីធ្វើឲ្យទំនាក់ទំនងប្តីប្រពន្ធរកាំរកូស ហើយកន្លងមកប្រាក់ខែប្តីបានប៉ុន្មានឲ្យប្រពន្ធទាំងអស់មិនដែលទុកមួយរៀលទេ លុះពេលមានស្រីថ្មីមិនដែលឲ្យប្រាក់ខែប្រពន្ធគ្រប់ចំនួនទេ និងឈ្លោះប្រកែកគ្នារហូតប្រើហិង្សាលើរូបគាត់៣ដងមកហើយ ។
ស្ត្រីជាប្រពន្ធបន្តថា ពេលគាត់ដឹងថា ប្តីមានស្រីថ្មីប្រមាណជិតមួយឆ្នាំមកហើយ ថែមទាំងស្រីថ្មីនោះជាអ្នកភូមិជាមួយគ្នាទៀត គាត់បានហៅប្តីនិងស្រីកំណាន់ចិត្តទៅធ្វើកិច្ចសន្យានៅឯស្រុកកំណើតម្តងរួចមកហើយកាលពីមុនរដូវបុណ្យភ្ជុំបិណ្ឌ ដោយអះអាងមុខអាជ្ញាធរថា ឈប់ទាក់ទងគ្នាទៀត ហើយប្តីគាត់ និងស្រីកំណាន់ចិត្តក៏យល់ព្រម ដោយស្រីកំណាន់រូបនោះអះអាងថា «រូបគាត់មិនយកប្តីគេទៀត ហើយយករបស់ដែលគេទេ» ។ ប៉ុន្តែតាំងពីធ្វើកិច្ចសន្យាអស់ជាង៣ខែមក ប្តីគាត់សុំលែងលះគ្នា រូបគាត់ទាមទារប្រាក់ចិញ្ចឹមកូន៣០០០ដុល្លារ តែប្តីប្រាប់ថា អត់មានទេ សុំឲ្យប្រចាំខែក១៥០ដុល្លារ រូបគាត់មិនព្រម ហើយបុរសជាប្តីមិនបានរស់នៅជាមួយគាត់ទៀតទេ ដោយប្រាប់ថា ទៅរស់នៅផ្ទះជួលជាមួយបងប្អូនរបស់ខ្លួនជិតកន្លែងធ្វើការ ។
ស្ត្រីជាប្រពន្ធបន្តទៀតថា ជាង៣ខែមកនេះប្តីគាត់ខុសប្លែកពីធម្មតា ដោយប្រពន្ធធ្វើអ្វីមិនចេះត្រូវចិត្ត លុះនៅម៉ោងកើតហេតុ គាត់តាមរកប្តីដែលដឹងថា កំពុងសំរាកនៅផ្ទះជួលខាងលើ ពេលទៅដល់បន្ទប់ជួលស្ត្រីជាប្រពន្ធលួចមើលតាមបង្អួចឃើញប្តី គាត់នៅផ្ទះជួលខាងលើនឹងមែន ។ ដំបូងឡើយមិននឹកស្មានថា ប្តីគាត់រស់នៅជាមួយស្រីកំណាន់ចិត្តទេ ព្រោះធ្វើកិច្ចសន្យារួចមកប៉ុន្តែពេលលបមើលតាមបង្អូចនោះ ឃើញស្រីកំណាន់នៅជាមួយប្តីគាត់ ធ្វើឲ្យគាត់ទប់ចិត្តស្ទើរតែមិនបាន។ ភ្លាមៗនោះ រូបគាត់ក៏ទៅខ្ចីកូនសោអ្នកជិតខាងបន្ទប់ជួលយកមកចាក់ពីខាងក្រៅ រួចទូរស័ព្ទប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍នាំទៅប៉ុស្តិ៍នគរបាលចោមចៅទី២ តែម្តង ។
ពេលដែលសមត្ថកិច្ចមកដល់បាននាំបុរសជាប្តីទៅមុន ចំណែកស្រីកំណាន់មិនព្រមចេញមកទេ គឺនៅសម្ងំក្នុងបន្ទប់ទឹក តាំងពីប្រពន្ធមកដល់ភ្លាមៗរហូតដល់សមត្ថកិច្ចនៅរង់ចាំជិតកន្លះម៉ោង ទើបស្រីកំណាន់បានពាក់មួកការពារសុវត្ថិភាពដើរចេញមកឡើងជិះម៉ូតូជាមួយសមត្ថកិច្ចចេញទៅ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំបុរសជាប្តី ព្រមទាំងស្ត្រីកំណាន់ចិត្តយកទៅសាកសួរនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលចោមចៅទី២ដេីម្បីដោះស្រាយគ្នា ៕ សុខាសែនជ័យ