រដ្ឋមន្ត្រីក្រសួងសាធារណការ ៖ ផ្លូវជាតិលេខ៣ នឹងត្រូវជួសជុលអោយរួចរាល់ នៅខែធ្នូ ឆ្នាំ២០១៩ នេះ ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗចំនួន២

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប១៣៤,៧៩៦គីឡូម៉ែត្រ នឹងត្រូវជួសជុលអោយរួចរាល់ នៅខែធ្នូ ឆ្នាំ២០១៩ នេះ ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗចំនួន២ ។

លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះ នាថ្ងៃទី២៧ ខែតុលា ខណៈអញ្ជើញចុះត្រួតពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ដែលកំពុងជួសជុលស្ថាបនាធ្វើឱ្យប្រសើរឡើង ដើម្បីធានាបានគុណភាពរឹងមាំអាចឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តថា ផ្លូវនេះនឹងត្រូវធ្វើការជួសជុលឱ្យបានរួចរាល់នៅក្នុងខែធ្នូ ឆ្នាំ២០១៩ នេះ ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗចំនួន២ គឺពិធីបុណ្យសមុទ្រជុំទី៣ នៅខេត្តកំពត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ និង ពិធីប្រណាំងកង់អន្តរជាតិ ចាប់ពីខេត្តកោះកុង ឆ្ពោះមកខេត្តកែប ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមករា ឆ្នាំ២០២០ ។

កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប១៣៤,៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ ៤គន្លង និងចាប់ពីបែកគុស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង។

ក្រសួងសាធារណការ បញ្ជាក់ថា គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន និងប្រើរយៈពេល៤៨ខែ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print