ភ្នំពេញ៖ នារីស្រស់ស្អាត ស្រស់សោភា និងមានសមត្ថភាពជាច្រើនបន្តបន្ទាប់បានចេញទៅចូលរួមកម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំនានារួចមកហើយ។ ចន សុទីម៉ា វ័យ២០ឆ្នាំដែលជា ម្ចាស់ជ័យលាភីរងទី ២ ក្នុងកម្មវិធីកញ្ញាឯកកម្ពុជា ក៏ទើបតែបានចេញដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ និង សមត្ថភាព Miss Tourism International 2019 នៅប្រទេសម៉ាឡេស៊ី ផងដែរ។
ក្រោយពីបញ្ចប់ជាមួយការប្រកួតប្រជែង Miss Universe Cambodia ប្រចាំឆ្នាំ២០១៩ រួចមក សុទីម៉ា បានសាងភាពល្បីល្បាញ បានមិនចេះតិច និងទទួលបានការងារជាច្រើនទៀតផង។ ជាពិសេស ដោយសារតែមានទម្រង់មុខ ស្រស់ប្រិមប្រិយតាមបែបធម្មជាតិផងនោះ សុទីម៉ា ត្រូវប៉ាន់ជាមួយការងារ ថតសម្អាងការ មិនចេះដាច់នោះទេ។
ថ្មីៗនេះ តារាស្រីកម្ពស់ខ្ពស់រូបនេះ បានបង្ហាញវត្តមាននៅឯអាកាសយានដ្ឋានភ្នំពេញ ដើម្បីទៅចូលរួមប្រកួតប្រជែង តំណាងឲ្យប្រទេសកម្ពុជា ក្នុងកម្មវិធីអន្តរជាតិមួយ ឈ្មោះថា «Miss Tourism International 2019» ដែលវគ្គផ្ដាច់ព្រ័ត្រនឹងប្រារព្ធឡើងនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆាប់ៗខាងមុខនេះហើយ។ដោយឡែក នេះជាឱកាសដ៏ល្អបំផុតដែល ចន សុទីម៉ា អាចបង្ហាញពីវប្បធម៌អស្ចារ្យ និងសម្រស់តាមបែបនារីខ្មែរ ឲ្យជាតិសាសន៍ដទៃ បានស្គាល់កាន់តែច្បាស់ផងដែរ។ កញ្ញា ចន សុទីម៉ា បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង ដែលខ្លួនបានក្លាយជាតំណាងសម្រាប់មាតិភូមិនៅលើឆាកអន្តរជាតិដ៏ធំមួយនេះ ជាមួយនឹងក្តីសង្ឃឹមនឹងនាំយកជ័យជម្នះជូនអ្នកគាំទ្រ និង ប្រទេសជាតិ ។ ឈុតអប្សរាមេរាស្រីសួគ៌ ដែលកើតចេញពីការកូរសមុទ្រទឹកដោះ រវាងទេវៈ និងអសុរៈ នឹងគ្រងដោយកញ្ញាឯករូបនេះ ក្នុងការចូលរួមប្រកួត។
គួរបញ្ជាក់ដែរថាចុងសប្តាហ៍មុននេះ បវរកញ្ញាកម្ពុជាមួយរូបទៀតគឺ កញ្ញា បុណ្យ កញ្ជនៈធីតា ដែលជាជ័យលាភីរងទី ៤ ក្នុងកម្មវិធីកញ្ញាឯកកម្ពុជា ក៏បានតំណាងប្រទេស ឆ្ពោះដំណើរដើម្បីចូលរួមប្រកួតសម្រស់ និង សមត្ថភាពដ៏ធំលំដាប់ទី ៣ នៅលើពិភពលោកផងដែរ នោះគឺកម្មវិធី Miss Internationalដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុន ៕
ដោយ វឌ្ឍនា