ខេត្តក្រចេះ៖ ជនស្ស័យពីរនាក់ ជាមុខសញ្ញាចាស់ លួចសត្វគោ,ក្របី របស់អ្នកស្រុក ត្រូវកម្លាំងនគរបាលស្រុកចិត្របុរី ចាប់ឃាត់ខ្លួនបាន ខណៈដែលពួកគេ បានលួចសត្វក្របីញីឈ្មោលតូចធំ របស់អ្នកស្រុក ចំនួន៧ក្បាល ហើយដឹកជញ្ជូនជម្លៀសតាមរថយន្តធុនធំមួយគ្រឿង ។ ចំណែកអធិការរងស្រុកចិត្របុរី អះអាងថា ជនសង្ស័យទាំងពីរនាក់នេះ គឺជាមុខសញ្ញាចាស់ និងធ្លាប់ជាប់ពន្ឋនាគារ លើករណីចោរកម្ម លួចគោ,ក្របី ។
ការចាប់ឃាត់ខ្លួនមុខសញ្ញាចោរកម្ម លួចគោ,ក្របី របស់អ្នកស្រុក គឺបានធ្វើឡើង កាលពីវេលាម៉ោង ២ និង៤១នាទីយប់ ឈានចូលថ្ងៃទី៣១ ខែធ្នូ នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិពោធិ៍ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ក្នុងនោះសមត្ថកិច្ចបានដកហូត សត្វក្របី ញី ឈ្មោល តូចធំ ចំនួន៧ក្បាល និងរថយន្តកូរ៉េ ធុនធំមួយគ្រឿង បាក់ស្លាកលេខ ភ្នំពេញ 3A-5821 និងបាននាំមកអធិការដ្ឋាននគរបាលស្រុកចិត្របុរីទាំងយប់ ។
អធិការរងស្រុកចិត្របុរី លោក ស្រ៊ី ជាលី ទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌ និងជាអ្នកដឹកនាំកម្លាំងចុះបង្ក្រាប បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៍មានភ្លាម កម្លាំងរបស់លោកបានចុះល្បាតតាមដងផ្លូវ ហើយក៏ប្រទះឃើញមុខសញ្ញាសង្ស័យ ហើយសមត្ថកិច្ចធ្វើការស្ទាក់ចាប់តែម្តង។
លោកអធិការរងបានបន្តថា ក្នុងសកម្មភាពការចាប់បង្ក្រាបក្រុមចោរលួចក្របី នគរបាលស្រុក បានចាប់ ឃាត់ខ្លួនបានមនុស្សចំនួន២នាក់ រួមទាំងរថយន្តសម្រាប់ដឹកមួយគ្រឿង តែអ្នកបើកបរ រថយន្តបានគេចខ្លួន ព្រមទាំងសត្វក្របី ញី ឈ្មោល តូចធំ មានចំនួន៧ក្បាល ។
ជនសង្ស័យដៃដល់ក្នុងអំពើរលួចទាំងពីរនាក់ ដែលនគរបាលកំណត់ថាជាមុខសញ្ញា លួចសត្វ គោ ក្របី ក្នុងសកម្មភាពធ្លាប់ប្រព្រឹត្តយ៉ាងសកម្ម នាពេលកន្លងមកនេះ មានឈ្មោះ ណេង ប៊ុនធឿន អាយុ៣៦ឆ្នាំ និងឈ្មោះ យីន ស៊ីណា អាយុ២៤ឆ្នាំ ជនទាំងពីរនាក់ មានមុខរបរមិនពិត ប្រាកដ រស់នៅក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។
លោកអធិការរងបានបញ្ជាក់ថា នេះជាការបង្ក្រាបករណីអំពើរចោរកម្មលួចសត្វក្របី ទ្រង់ទ្រាយធំជាលើកទី២ របស់កម្លាំងនគរបាលស្រុក ដោយកាលពីខែមេសាកន្លងទៅក៏មានក្របីចំនួន៧ក្បាល ដែលក្រុមចោរ បានធ្វើសកម្មភាពលួចដឹកតាមរថយន្តត្រូវបាននគរបាលប៉ុស្តិ៍សហការជាមួយ និងនគរបាលស្រុក ចុះធ្វើការបង្ក្រាបបាន។ ដោយឡែកចំពោះករណីមួយនេះ ត្រូវបានលោកអធិការរងបញ្ជាក់ថា សត្វក្របីទាំងចំនួន៧ក្បាលនេះ គឺក្រុមចោរបានធ្វើសកម្មភាព លួចពីស្រុករស់នៅភូមិពោធិ៍ ឃុំសំបូរ ស្រុកសំបូរ បម្រុងដឹកនាំឆ្ពោះទៅកាន់ព្រំដែននៃប្រទេសវៀតណាម ។
លោកថា ក្រោយពីមានការបង្ក្រាបសត្វក្របី តូចធំ ទាំងចំនួន៧ក្បាល ត្រូវបានគរបាលប្រគល់ទៅឲ្យម្ចាស់ដើមវិញ ៕
ដោយ៖ កោះទ្រុង