ក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស១៦នាក់បានបាត់បង់ជីវិត និង៣០នាក់រងរបួសដោយសារតែហេតុការណ៍បំផ្ទុះគ្រាប់បែកនៅក្នុងភោជនីយដ្ឋាន៣ទីតាំង ស្ថិតនៅភាគឦសានប្រទេសស៊ីរី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ។ ការវាយប្រហារនេះ ក្រុមរដ្ឋអិស្លាម IS បានប្រកាសចេញមុខទទួលខុសត្រូវ ។
ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីមូលដ្ឋាននៅចក្រភពអង់គ្លេសបានអះអាងថា ក្នុងករណីវាយប្រហារនេះ យ៉ាងហោចណាស់មួយករណីបានកើតឡើងនៅទីក្រុង Qamishli ផងដែរ ។ ជនវាយប្រហារគ្រាប់បែកបានបំផ្ទុះគ្រាប់បែកអត្តឃាត ។ ទីភ្នាក់ងារព័ត៌មានAFP បានផ្សព្វផ្សាយថា ការវាយប្រហារនេះបានកើតឡើងនៅភោជនីយដ្ឋានមួយជិតតំបន់ទីប្រជុំជនគ្រឹស្ទបរិស័ទរស់នៅ ។
ប្រធានក្រុមស៊ើបសង្កេតការណ៍សិទ្ធិមនុស្ស លោក Rami Abdel Rahman បានប្រាប់ AFP ថា ការវាយប្រហារដោយបំផ្ទុះគ្រាប់បែក៣លើកបានកើតឡើង ក្នុងមួយមួយលើក គឺជនវាយប្រហារគ្រាប់បែក បានបំផ្ទុះគ្រាប់បែកអត្តឃាត ស្ថិតនៅក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុង Qamishli ខេត្ត Hasakeh ។
ទីភ្នាក់ងារព័ត៌មាន Amaq ដែលគាំទ្រដល់ក្រុមជីហាដរដ្ឋអិស្លាមនិយមនោះបានរាយការណ៍ថា ក្រុមរដ្ឋអិស្លាមជាអ្នកទទួលខុសត្រូវការវាយប្រហារនៅទីក្រុងខាងលើនេះ ដែលស្ថិតនៅតាមបន្ទាត់ព្រំដែនជាមួយប្រទេសទួរគី ជាប់ព្រំដែនជាមួយប្រទេសអ៊ីរ៉ាក់ផងនោះ ។
ប្រភពដដែលបានបន្តថា មនុស្សរាប់សិបនាក់ផ្សេងទៀតបានបាត់បង់ជីវិត និងរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអិស្លាម ស្ថិតនៅទីតាំងផ្សេងៗពីគ្នាក្នុងទីប្រជុំ Qamishli នោះ ។ ដែនដីខេត្ត Qamishli របស់ស៊ីរីបច្ចុប្បន្នមានការបែងចែកគ្នាគ្រប់គ្រងរវាងរបបស៊ីរី នឹងក្រុមជនជាតិឃើដ ។ ក្រុមជនជាតិឃើដបានប្រកាសចាត់ទុកដែនដីភាគខាងជើង និងភាគឦសានស៊ីរីនោះស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្វយ័តរបស់ខ្លួន ។
កងទ័ពរដ្ឋាភិបាលស៊ីរី ព្រមជាមួយក្រុមសកម្មប្រយុទ្ធជនជាតិឃើដបានសម្របសម្រួលគ្នាទៅលើការការពារសន្តិសុខស្ថិតនៅក្នុងខេត្ត Hasakeh នោះ ទីដែលក្រុមរដ្ឋអិស្លាមជីហាដនិយមបានព្យាយាមរុលចូលគ្រប់គ្រងតំបន់នេះ ។
ទីតាំងដែលរងការវាយប្រហារគ្រាប់បែកទាំង៣កន្លែងខាងលើនេះ ក្រុមសង្កេតការណ៍សិទ្ធិមនុស្សអះអាងថា សុទ្ធតែបានកើតឡើងក្នុងដែនគ្រប់គ្រងដោយរបបរដ្ឋាភិបាលស៊ីរី បាសា អាល់អាសាដ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត