ខេត្តព្រៃវែង ៖ ជនសង្ស័យ៣នាក់ ដែលជាប់ពាក់ព័ន្ធករណីឃាតកម្ម ចាក់សម្លាប់មនុស្សម្នាក់លើស្ពានអ្នកលឿង ស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរ៍ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នោះ ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានកាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥។
ជនសង្ស័យទាំង៣នាក់ រួមមានទី១ឈ្មោះ ឃ្លី វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ, ទី២ ឈ្មោះ ឃ្លី ឡាយ ភេទប្រុស អាយុ២៣ឆ្នាំ និងទី៣ ឈ្មោះ ឃ្លី ស្រស់ ភេទប្រុស អាយុ១៦ឆ្នាំ ទាំង៣នាក់មានទីលំនៅក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ ស្រុកពាមរ៍។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានករណីឃាតកម្មនៅលើស្ពានអ្នកលឿងរួចមក សមត្ថកិច្ចបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់កំណត់មុខសញ្ញា និងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ខាងលើ។ នៅក្នុងការឃាត់ខ្លួនជនសង្ស័យនេះដែរ សមត្ថកិច្ចក៏ដកហូតបានម៉ូតូមួយគ្រឿង រួមនឹងផ្លែដែកឆាបមួយដែលជនសង្ស័យបានប្រើប្រាស់សម្រាប់ចាក់ប្រហារជនរងគ្រោះឱ្យស្លាប់នៅយប់ថ្ងៃទី២៥ ខែធ្នូ។
ប្រភពបន្ដថា បន្ទាប់ពីឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យទាំង៣នាក់ បានសារភាពថា ពួកគេពិតជាជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើពិតមែន ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាល និងស្រាវស្រាវរកបក្ខពួកបន្ថែមទៀតមកផ្ទន្ទាទោសតាមច្បាប់។
គួររំឮកថា កាលពីយប់ថ្ងសទី២៥ ខែធ្នូ ឆ្នាំ២០១៥ ចុងភៅមួយក្រុមដែលចប់ការងារនៅត្រើយខាងកើតស្ពានអ្នកលឿង ហើយបាននាំគ្នាបើករថយន្ដឡើងលេងលើស្ពាន ក៏បានជួបនឹងមនុស្សមួយក្រុម ក៏បានទាស់សម្ដីឈ្លោះប្រកែកគ្នារហូតកើតមានការប្រវាយប្រតប់ និងនឹងបណ្ដាលឲ្យបុរសជាមេចុងភៅម្នាក់ត្រូវក្រុមជនសង្ស័យចាក់សម្លាប់ដោយដែកឆាបនៅនឹងកន្លែងតែម្ដង។
បុរសដែលត្រូវគេចាក់សម្លាប់នោះឈ្មោះ ឡូត អាយុ៣២ឆ្នាំ មុខរបរចុងភៅ មានទីលំនៅក្នុងភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង៕ សហការី