សហរដ្ឋអាមេរិក៖ ក្រុមពន្លត់អគ្គិភ័យរាប់ពាន់នាក់ នៅតែមិនទាន់អាចគ្រប់គ្រងភ្លើងឆេះព្រៃ នៅក្នុងរដ្ឋកាលីហ្វរញ៉ា បាននៅឡើយទេ។ មកទល់ពេលនេះព្រៃឈើរាប់ម៉ឺនហិតារងការបំផ្លាញ។
សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩បានផ្សាយថាអភិបាលរដ្ឋកាលីហ្វរញ៉ាបានសម្រេចដាក់រដ្ឋដ៏ធំមួយនេះ ទៅក្នុងគ្រាអាសន្ន ខណៈភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ បាននឹងកំពុងកើតមានឡើងជាច្រើនកន្លែង នៅក្នុងរដ្ឋភាគនិរតីសហរដ្ឋអាមេរិកមួយនេះ។
ទីភ្នាក់ងារពន្លត់អគ្គីភ័យប្រចាំរដ្ឋកាលីហ្វរញ៉ាបានឲ្យដឹងថា ៖ ភ្លើងឆេះព្រៃឈ្មោះ ឃីនខេដ (Kincade Fire) ដែលស្ថិតនៅភាគខាងជើងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ បាននឹងកំពុងឆាបឆេះ និងរាលដាលដល់ផ្ទៃដីទំហំ ១២,០០០ហិកតានាចុងមុនសប្តាហ៍នេះ និងទំនងជាភ្លើងឆេះព្រៃអាក្រក់បំផុតនៅកាលីហ្វរញ៉ានាឆ្នាំនេះ។
វាគឺជាភ្លើងឆេះព្រៃធំជាងគេបង្អស់ ក្នុងចំណោមភ្លើងឆេះព្រៃដែលកំពុងកើតមានឡើងនៅ តំបន់ជាច្រើនទៀតក្នុងរដ្ឋកាលីហ្វរញ៉ា។ រីឯនៅភាគខាងត្បូងរដ្ឋ ក៏មានភ្លើងឆេះព្រៃធំមួយទៀតផងដែរហៅថា ធីក (Tick Fire) នៅភាគខាងជើងទីក្រុងឡូសអាន់ជែលឡែស (L.A)។
គួរជម្រាបថា មនុស្សប្រមាណ ១៨០,០០០នាក់នៅកាលីហ្វរញ៉ា ត្រូវបានអាជ្ញាធររដ្ឋបង្គាប់ឲ្យត្រៀមជម្លៀសខ្លួនចេញជាបន្ទាន់។ ខណៈភ្នាក់ងារ ពន្លត់អគ្គីភ័យអាមេរិកខ្ទង់ ៣,០០០នាក់កំពុងប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃ Kincade វាត្រូវគេរំពឹងថា នឹងមិនអាចរលត់ទាំងស្រុងបានភ្លាមៗនោះឡើយ គឺអាចចំណាយពេលច្រើនសប្តាហ៍ទៀត។ កាលពីឆ្នាំ២០១៨ ភ្លើងឆេះព្រៃដ៏អាក្រក់ជាងគេបំផុតនៅរដ្ឋកាលីហ្វរញ៉ា បានផ្តាច់ជីវិតមនុស្សសរុប ៨៦នាក់៕
ដោយ៖ មែវ សាធី