កន្លងមកចិនទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យ ស្រាវជ្រាវ អវកាសពិសេស គឺការបញ្ជូនយានទៅចុះចតនៅលើភពព្រះច័ន្ទដោយជោគជ័យ ។ សារព័ត៌មាន CGTN បានផ្សាយថា ចិនគ្រោងចេញបេសកកម្ម Chang’e-5 ទៅកាន់ព្រះច័ន្ទនៅឆ្នាំ២០២០ ដើម្បីប្រមូលគំរូតាងយកមកកាន់ផែនដីវិញ។
បន្ទាប់ពីបេសកកម្ម Chang’e-4 ឥឡូវចិនគ្រោងបញ្ជូនយានបេសកកម្ម Chang’e-5 ថ្មីផ្សេងទៀត ទៅកាន់ផ្ទៃព្រះច័ន្ទ នៅ ឆ្នាំ២០២០។ លោក Wu Weiren ប្រធានរៀបចំបែបផែននៃកម្មវិធីរុករកឋានព្រះច័ន្ទរបស់ចិន បានឲ្យដឹងថា គ្រាប់រ៉ុក្កែត Long March-5 ដែលជាគ្រាប់រ៉ុក្កែតធំបំផុតរបស់ចិនសម្រាប់បាញ់បង្ហោះយានអវកាស នឹងត្រូវប្រើប្រាស់ដើម្បីបញ្ជូនយាន Chang’e-5 ចេញពីផែនដី។ យ៉ាងណាមិញ គ្រាប់រ៉ុក្កែត Long March-5 គ្រឿង ដែលប្រើប្រាស់កាលពីឆ្នាំ២០១៧ បានជួបបញ្ហាក្រោយពេលបាញ់បង្ហោះបាន ត្រឹម៦នាទីប៉ុណ្ណោះ។
ក្រុមវិស្វករផ្នែកអវកាសចិនបានចំណាយពេលជាងពីរឆ្នាំមកហើយ ដើម្បីស្វែងរកមូលហេតុនៃបង្កឲ្យវាជួបបញ្ហានាគ្រានោះ។
ទន្ទឹមគ្នានេះ គ្រាប់រ៉ុក្កែត Long March-5 ទីបី កំពុងតែត្រៀមខ្លួនសម្រាប់បាញ់បង្ហោះ ខណៈជោគជ័យរបស់វា នឹងក្លាយជាគន្លឹះ ដ៏សំខាន់សម្រាប់បេសកកម្មឆ្ពោះទៅកាន់ទីអវកាសនាពេលអនាគតរបស់ប្រទេសចិន ដោយរួមទាំងបេសកកម្ម Chang’e-5។
គួរជម្រាបថា បើតាមលោក Wu បេសកកម្ម Chang’e-5 នឹងរួមមានយានសម្រាប់ចុះចត (Lander), យានផ្កាយរណប (Orbiter), យានសម្រាប់ហោះឡើងចេញពីផ្ទៃព្រះច័ន្ទ (Ascender), និងយានវិលត្រឡប់ចុះមកកាន់ផែនដីវិញ (Returner)។ ចំណុចចម្បង នៃបេសកកម្មនេះ គឺការប្រមូលគំរូតាងលើផ្ទៃះច័ន្ទ ការចាកចេញពីផ្ទៃព្រះច័ន្ទ ការឆ្ពោះទៅតភ្ជាប់ជាមួយយានផ្កាយរណបវិញ និងការត្រឡប់ចូលមកក្នុងបរិយាកាសផែនដី ដើម្បីចុះមកវិញ។
បេសកកម្មឋានព្រះច័ន្ទរបស់ចិន នាពេលបច្ចុប្បន្នមាន៣ដំណាក់កាលរួមមាន ការទៅគោចរជុំវិញ ការចុះចត និងការប្រមូលគំរូ តាងហើយត្រឡប់មកវិញ។
ដំណាក់កាលដំបូង គឺត្រូវបានសម្រេចរួចហើយដោយបេសកកម្ម Chang’e ជំនាន់មុនៗ ស្របពេល ដែលដំណាក់កាលទី៣ គឺជាកិច្ចការរបស់បេសកកម្ម Chang’e-5 ដែលនឹងទៅប្រមូលគំរូតាងនៃដីព្រះច័ន្ទយ៉ាងតិច២គីឡូ ក្រាម រួច នាំយកពួកវាត្រឡប់មកកាន់ផែនដីវិញ។
ជាមួយគ្នានេះ ចិនក៏កំពុងតែគូសវាសនូវគម្រោងសម្រាប់ដំណាក់កាលទី៤ នៃបេសកកម្មរុករកឋានព្រះច័ន្ទរបស់ខ្លួនថែមទៀត៕