មន្ត្រី​ទូត​កម្ពុជា​ប្រចាំ​នៅប្រទេស​ថៃ​អះអាង​ថា​ ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ពលករត្រឡប់ទៅប្រទេសកម្ពុជាវិញ ជាការកេងចំណេញផ្នែកនយោបាយ

ចែករំលែក៖

ភ្នំពេញ​ ៖​ មន្ត្រី​ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានចេញសេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃ​ទី៣០​ ខែតុលា​ ឆ្នាំ​២០១៩ ដោយបាន​បញ្ជាក់​ថា​ បច្ចុប្បន្ននេះ ពលករខ្មែរ​នៅ​ក្នុងប្រទេសថៃកំពុងបម្រើការងារតាម​ធម្មតា​ ពុំមានការធ្វើដំណើរវិល​ ត្រឡប់ទៅប្រទេសកម្ពុជាជាគំហុកនោះឡេីយ​ ។

មន្ត្រី​ទូត​កម្ពុជា​អះអាងថា​ ជាងនេះទៅ​ទៀត ភាគីថៃក៏កំពុងតែដំណើរការបន្តទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារជូនដល់​ពលករអាចស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃបន្តទៀតបាន​រហូតដល់ ឆ្នាំ២០២២ទៀត​ផង​ ។

ការចេញ​សេចក្តីប្រកាស​ព័ត៌មានរបស់មន្ត្រីទូតកម្ពុជា​ បន្ទាប់ពីថ្មីៗនេះ​ មានសារព័ត៌មានក្នុងស្រុក និងសារព័ត៌មានតាមបណ្តាញសង្គមមួយចំនួន បានយក​រូបភាព​ និងក្លិបវីដេអូចាស់ៗ អំពីការចុះត្រួតពិនិត្យពល​ករ​បរទេសរបស់អាជ្ញាធរថៃ និងការធ្វើដំណើរឆ្លងកាត់ព្រំដែនវិលត្រឡប់ ទៅចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់បងប្អូនពលករ​នាពេលកន្លងមក មកធ្វើការផ្សព្វផ្សាយឡើងវិញ ក្នុងគោលបំណងបង្កការភ្ញាក់ផ្អើល និងអូសទាញឱ្យបងប្អូនពលករត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បីកេងចំណេញផ្នែកនយោបាយ ។

មន្ត្រី​ទូត​កម្ពុជា​ប្រចាំ​នៅប្រទេស​ថៃ​បាន​សូមបងប្អូនពលករទាំងអស់ រក្សាភាព​ស្ងៀមស្ងាត់ និងបន្តអនុវត្តការងារជាធម្មតា កុំជឿតាមការផ្សព្វផ្សាយ និងការញុះញង់ របស់សារព័ត៌មានមួយចំនួន ដែលជាហេតុបង្ក​ឱ្យបងប្អូនខាតបង់ថវិកា ពេលវេលា និងអាចត្រូវនិយោជក​បញ្ឈប់ពីការងារទៀតផង​ ៕​ ដោយ​៖​ ជាយក្រុង

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print