ភ្នំពេញ ៖ ប្រទះឃេីញនារីវ័យក្មេងម្នាក់ស្រវឹងដេកដួលនៅមុខសំយាបផ្ទះគេលក់ដូររហូតដល់វេលាទៀបភ្លឺ ទើបគេភ្ញាក់ពីដេកមនុស្សដើរចេញចូលទៅមកទៅដាស់ហៅឲ្យក្រោក ក៏នាងមិនព្រមក្រោកទេីបរាយការណ៍ទៅសមត្ថកិច្ច ហៅម៉ូតូកង់បីឥណ្ឌានាំគ្នាលើកដាក់លើម៉ូតូដឹកយកទៅពេទ្យ។
នារីវ័យក្មេងខាងលើ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ វ័យជាង២០ឆ្នាំប៉ុណ្ណោះ ស្ថិតក្នុងសភាពទន់ខ្លួនល្អូក ពេលគេលើកដាក់លើម៉ូតូស្ទើរនៅតែមិនដឹងខ្លួន មិនដឹងថានាងផឹកស្រាអស់ប៉ុន្មាននោះទេ។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា៖ មុនដំបូងគេបានឃើញនាងអង្គុយផឹកស្រាក្នុងហាងមួយកន្លែង ក្បែរចំណុចខាងលើនោះ តាំងពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ អស់១ដបហើយថែម១ដបទៀត យកស្រាមកកំដរ អង្គុយផឹកតែម្នាក់ឯង ពេញមួយយប់ទៅហើយ រហូតដល់គេបិទហាង វេលាជិតភ្លឺ ថ្ងៃទី៣០នេះ ទើបដើរចាកចេញមកក្រៅ ស្រាប់តែភ្លឺឡើង បែរជាឃើញដេកសន្លប់នៅតាមចិញ្ចើមផ្លូវទៅវិញ លែងដឹងខ្លួន ដាស់ក៏មិនងើប មុខកន្លែងផ្ទះគេរកស៊ីលក់ដូរ ទើបពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយចុះទៅអន្តរាគមន៍។
នៅពេលសមត្ថកិច្ចមកដល់ឃើញសភាពនាងបែបនេះ ត្រូវបាននាយរងប៉ុស្តិ៍ចោមចៅ២ លោក សៅ រិទ្ធ រួមជាមួយកម្លាំងប្រជាការពារជួយដឹកតាមម៉ូតូកង់បីយកទៅពេទ្យក្បែរនោះ ដើម្បីជួយសង្គ្រោះយកតែបុណ្យទៅចុះ៕
ដោយ៖ សុខាសែនជ័យ