ហ្សាកាតា៖ លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្ម ពិសេស ជាបេសកជនពិសេសនៃអង្គការសហប្រតិបត្តិការឥស្លាមOIC និងជាសមាជិកឧត្តមក្រុមប្រឹក្សា សម្ព័ន្ធឥស្លាមពិភពលោក RABITA បានលើកឡើងថា៖ សន្តិភាព និងការរីកចម្រើននៅកម្ពុជា កើតឡើងបានដោយការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែករបស់មិត្តឥណ្ដូនេស៊ី ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែល លោកទេសរដ្ឋមន្ត្រី អញ្ជើញធ្វើបឋកថា ក្រោមប្រធានបទសុខដុមនីយកម្មជាតិសាសន៍ និងស្ថានការណ៍នយោបាយនៅកម្ពុជា នៅឯសកលវិទ្យាល័យ Al-Azhar សាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩ ដែលមានថ្នាក់ដឹកនាំ និងនិស្សិតចូលរួម ជាង៥០០នាក់ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ក្រោយពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនឆ្នាំ ប្រទេសជាតិមួយ ដែលមានតែបាតដៃទទេ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសមួយនេះប្រែក្លាយខ្លួនជាប្រទេសដែលជាប់ចំណាត់ថ្នាក់ទី ៧ នៅក្នុងពិភពលោក ដែលមានការអភិវឌ្ឍលឿនបំផុត នឹងមានកំណើនសេដ្ឋកិច្ចជាង ៧ ភាគរយ ក្នុង រយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ។ លើសពីនេះក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលបានធ្វើឲ្យមានសុខដុមបនីយកម្មជាតិសាសន៍ ដែលជាគំរូដ៏ប្រពៃសម្រាប់ពិភពលោក ដោយបានបើកទូលាយសិទ្ធិសេរីភាពជំនឿសាសនា ក្នុងនោះចំពោះសហគមន៍ឥស្លាម រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានទីកន្លែងថ្វាយបង្គំតាមទីសាធារណៈ ក្រសួងស្ថាប័នរដ្ឋ និងឯកជន ផ្ដល់សិទ្ធិដល់សិស្សនិស្សិតឥស្លាមជានារី នូវការពាក់ហ៊ីហ្ជាប(សំលៀកបំពាក់នារីឥស្លាម) ចូលសាលា និងតាមក្រសួងស្ថាប័ននានា បង្កើតឱ្យមានកម្មវិធីស្រាយបួសថ្នាក់ជាតិ ការប្រឡងសូត្រគម្ពីរអាល់គូរអានថ្នាក់ជាតិ លើសពីនេះ ក៏បានដាក់បញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមចំនួន ១៥០០ នាក់ ជាក្របខណ្ឌមន្ត្រីរាជការ ដែលទទួលប្រាក់បៀវត្សពីរាជរដ្ឋាភិបាលតាំងពីឆ្នាំ ២០១៥។ ទាំងនេះសុទ្ធសឹងជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងនោះសហគមន៍ឥស្លាមក៏ជាចំណែកមួយផងដែរ ដែលបានប្ដេជ្ញាសាមគ្គីគ្នាជាធ្លុងមួយ ដើរតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
លោក អូស្មាន ហាស្សាន់ បានបន្តទៀតថា ៖ប្រទេសឥណ្ឌូនេស៊ី ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមស្វែងរកសន្តិភាពនៅកម្ពុជា ទាំងក្នុងដំណាក់កាលចរចាផង និងដំណាក់កាលកិច្ចព្រមព្រៀងទីក្រុងប៉ារីសផង បានពង្រីកនូវកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ដោយបានជួយហ្វឹកហាត់ ដល់កងទ័ព និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា បានចូលរួមចំណែកបញ្ជូនកងទ័ពថែរក្សាសន្តិភាព (UNTAC) មកកាន់កម្ពុជា ផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា ក្នុងនោះរួមមាននិស្សិតខ្មែរឥស្លាមផងដែរ មិនតែប៉ុណ្ណោះ សាធារណរដ្ឋឥណ្ឌូនេស៊ី បានជួយជ្រោមជ្រែងសហការផ្ដួចផ្ដើមបង្កើតសហភាពបញ្ញវន្តមុស្លិម កម្ពុជា ដើម្បីចូលជាសមាជិកសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ានផងដែរ។ ដោយឡែក សហគមន៍ខ្មែរឥស្លាមកម្ពុជាបានស្គាល់ឥណ្ឌូនេសុីច្បាស់ តាមរយៈទំនាក់ទំនង វប្បធម៌ ប្រពៃណី និងសាសនា កម្ពុជាបានចាត់ទុក សាធារណរដ្ឋឥណ្ឌូនេស៊ី ជាមិត្តដ៏ល្អ។
សូមបញ្ជាក់ថា៖ សកលវិទ្យាល័យ Al-Azhar Indonesia បានបើកដំណើរការនៅឆ្នាំ ២០០០ បច្ចុប្បន្នមានសិស្ស និស្សិត ចំនួន ៥,០០០ នាក់ ចំណុះដោយមហាវិទ្យាល័យចំនួន៦។ សាកលវិទ្យាល័យ បានសម្រេចផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៣០ នាក់ ព្រមទាំងគ្រោងនឹងចុះអនុស្សារណៈជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដើម្បីទទួលពួកគេផងដែរ៕
ដោយ៖សំរិត