ខេត្តកណ្ដាល៖ មានឧបទ្ទវហេតុស្មានមិនដល់មួយបណ្ដាលឲ្យឆក់ស្ត្រីម្នាក់ស្លាប់ចោលប្តីនិងកូន ព្រោះតែមានការធ្វេសប្រហែសសាកថ្មទូរស័ព្ទហើយយកកាសដាក់ក្នុងត្រចៀកស្តាប់ចម្រៀងធ្វើឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់គ្មានអ្នកណាដឹងឡើយ ។
ឧបទ្ទវហេតុស្មានមិនដល់នេះធ្វើឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង ៨ និង ១០នាទីព្រឹក ថ្ងៃ សុក្រ ៥កើត ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅត្រង់ចំណុច ផ្ទះជួលលេខ៣២ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ អាន សុខណា ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើនិងមានទីកន្លែងកំណើត ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលព្រហ្មទណ្ឌ ក្រុងតាខ្មៅបានឲ្យដឹងថា តាមការបំភ្លឺរបស់ឈ្មោះសុខ ផាន្នី ភេទស្រី អាយុ៣៤ឆ្នាំ ដែលធ្វើការ ជាមួយជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង៧ ព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះ មិនឃើញមកធ្វើការ ដូចសព្វដងទេ ទើបគាត់(សុខ ផាន្នី)ទូរស័ព្ទទៅកាន់ជាងម៉ូតូឈ្មោះ ឡៅ កុសល ភេទប្រុស ដែលនៅជិតបន្ទប់ជនរងគ្រោះក៏ឲ្យជួយមើលបន្ទប់ជួលជនរងគ្រោះហេតុអីមិនឃើញទៅធ្វការ? ពេលជាងម៉ូតូទៅដល់បន្ទប់ជនរងគ្រោះ ឃើញបិទទ្វារបង្អួច ចាក់គន្លឹះខាងក្នុង គាត់បានគោះទ្វារ អត់មានចម្លើយនិងបើកទ្វារទេ ។បន្ទាប់មកគាត់ ក៏ទូរស័ព្ទហៅអ្នកធ្វើការនៅរោងចក្រឲ្យជួយមើល។ ពេលកម្មការិនីរោងចក្រមកដល់នាំគ្នា ទាញបង្អួច ហើយលូកដៃបើកគន្លឹះបង្អួច ស្រាប់តែឃើញជនរងគ្រោះដេក តែដាស់យ៉ាងណាមិនក្រោក ដោយមានសភាពរឹងដៃ រឹងជើង និងឃើញមានកាសទូរស័ព្ទជាប់នឹងត្រចៀក ឯទូរស័ព្ទ មានសាកថ្មជាប់នឹងព្រីភ្លើង ក៏នាំគ្នាបិទឌីសង់ទ័រភ្លើង ទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ច។
ក្រោយទទួលបានដំណឹង សមត្ថកិច្ចផ្នែកជំនាញ ចុះមកដល់កន្លែងកើតហេតុ ពិនិត្យឃើញថា សាកសព មានសភាពធម្មតា ធ្មេញខាំអណ្តាត ហើយពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។ ពេលនោះសមត្ថកិច្ចជំនាញបានដកហូត វត្ថុតាងមាន ដុំសាកទូរសព្ទ័ម៉ាក Samsung ពណ៌ស ចំនួន០១ ខ្សែកាស ម៉ាក Samsung ពណ៌ស ចំនួន១ និងទូរសព្ទ័ម៉ាក Samsung LT ពណ៌ខ្មៅ ចំនួន១គ្រឿង ឃើញថា ឧបករណ៍ទាំងនេះបានឆ្លងចរន្តអគ្គិសនី ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញអះអាងថាជនរងគ្រោះ ស្លាប់ដោយសារឆ្លងចរន្តអគ្គិសនី ដោយយកកាសទូរស័ព្ទស្តាប់ក្នុងត្រចៀកដេកលក់ បណ្តាលឲ្យឆក់ស្លាប់ រួចក៏ប្រគល់សពជូនប្អូនជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ដោយ៖ សហការី