ភ្នំពេញ៖ អ្នកជំនាញក្បាច់គុនបុរាណកីឡាសូរិនកាំបូ របស់ឥណ្ឌូនេស៊ី និងជាអតីត គ្រូបង្ហាត់ក្រុមកីឡាករ កីឡាការិនី សូរិនកាំបូជម្រើសជាតិកម្ពុជា កាលពីឆ្នាំ២០១១ លោក យ៉ានូ រីហ្សា បានវិលមកជួយបង្ហាត់ដល់ ក្រុមជម្រើសជាតិកម្ពុជាសាជាថ្មីម្តងទៀត ក្រោយពេលសហព័ន្ធកីឡាសូរិនកាំបូកម្ពុជា ទទួលបានជំនួយ ឧបត្ថម្ភពីក្រសួង អប់រំយុវជននិងកីឡានៃប្រទេសកម្ពុជា ដោយទទួលខុសត្រូវរ៉ាប់រងប្រាក់បៀវត្សលោកយ៉ានូ រីហ្សា ទាំងការស្នាក់ នៅ ហូបចុក ក្នុងពេលមកបង្វឹកហាត់ ក្រុមជម្រើសជាតិផ្នែកកីឡាសូរិនកាំបូដែលនឹង ចាប់ផ្តើមពីដើម ឆ្នាំ២០១៦នេះត ទៅ។
ប្រភពព័ត៌មាន ពីមន្ត្រីសហព័ន្ធកីឡា សូរិនកាំបូកម្ពុជា បានបង្ហើបដឹងកាលពីព្រឹកថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០ ១៥កន្លងទៅថា លោក យ៉ានូ រីហ្សា ដែលជាអតីតគ្រូបង្វឹកកីឡាសូរិនកាំបូ របស់ក្រុមជម្រើសជាតិកម្ពុជា កាលពីឆ្នាំ២០១១ និង ធ្លាប់ជួយឲ្យប្រទេសកម្ពុជា ឈ្នះមេដាយស៊ីហ្គេមលើកទី២៦ នៅប្រទេសឥណ្ឌូនេស៊ី បានចំនួន៨គ្រឿង ក្នុងចំណោមអត្តពលិក១០នាក់នោះឥឡូវនេះគាត់មកជួយកម្ពុជាសាជាថ្មីម្តងទៀតហើយ។
ប្រភពព័ត៌មានដដែលបានលើកឡើងថា លោកយ៉ានូ រីហ្សា មានជំនាញច្បាស់លាស លើក្បាច់គុន បុរាណមួយនេះ ព្រមទាំងមានបទពិសោធន៍បង្ហាត់ក្រុមកីឡាករកីឡាការិនីជម្រើសកម្ពុជាឲ្យ ឈានដល់ ការដណ្តើមបានមេដាយជាច្រើន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់តំបន់។ ចំពោះការវិលត្រឡប់មកវិញ របស់លោក យ៉ានូ រីហ្សា គឺជាវត្តមានថ្មីមួយ អាចជួយឲ្យក្រុមជម្រើសជាតិកម្ពុជា ឈ្នះមេដាយសាថ្មីក៏ថាបាន សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នាឆ្នាំ២០១៧ខាងមុខ។
សហព័ន្ធកីឡាសូរិនកាំបូ កម្ពុជា ទទួលបានការឧបត្ថម្ភនេះគឺស្របពេល ដែលក្រសួងអប់រំយុវជននិងកីឡា គ្រោងរៀបចំព្រឹត្តិការណ៍ប្រកួតNational Games លើកដំបូងក្នុងន័យពង្រឹង សមត្ថភាពកីឡាករកីឡាការិនី ក៏ដូចជា ពង្រឹងសមត្ថភាពនៃការគ្រប់គ្រង របស់សហព័ន្ធកីឡាជាតិនីមួយៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងជាឱកាសតម្រង់ទិសសហព័ន្ធឲ្យឆ្ពោះទៅរកព្រឹត្តិការណ៍ប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ កីឡាថ្នាក់តំបន់ ជាលើកដំបូងរបស់ខ្លួនផងដែរ។
គូររំលឹកថា អត្តពលិកកម្ពុជា ផ្នែកកីឡាករសូរិនកាំបូ ធ្លាប់ដណ្តើមបានមេដាយ កាលពីឆ្នាំ២០១១ ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី២៦ នៅប្រទេសឥណ្ឌូនេស៊ី នោះមានចំនួន៨គ្រឿង ក្នុងនោះ កីឡាករ សុវណ្ណ គិរី បានមេដាយមាស ១គ្រឿង កីឡាការិនី សុវណ្ណ រចនា បានមេដាយ ប្រាក់១គ្រឿងនិងមេដាយសំរឹទ្ធិ១គ្រឿង កីឡាករ សុវណ្ណ រតនៈ ឈ្នះមេដាយសំរឹទ្ធិ១គ្រឿង កីឡាករ អ៊ិន សុវណ្ណារ៉ា ឈ្នះមេដាយសំរឹទ្ធិ១គ្រឿង កីឡាករ គង់ សាលវ័ន្ត ឈ្នះមេដាយសំរឹទ្ធិ២គ្រឿង កីឡាករ ផាត សារ៉េន ឈ្នះមេដាយសំរឹទ្ធិ១គ្រឿង និងកីឡាករ ប្រណប ចាន់នី ឈ្នះមេដាយសំរឹទ្ធិ១គ្រឿង។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ប្រសិនបើកម្មវិធីមិនមានការប្រែប្រួលទេនោះ លោក យ៉ានូ រីហ្សា នឹងមកដល់ប្រទេសកម្ពុជា នាថ្ងៃទី៣ខែមករាឆ្នាំ២០១៦នេះ ហើយក៏ត្រូវធ្វើកិច្ចសន្យាការងារ ជាមួយសហព័ន្ធ កីឡាសូរិនកាំបូកម្ពុជានិងក្រសួងអប់រំយុវជននិងកីឡា ដើមចាប់ផ្តើមបង្វឹកហាត់ដល់ក្រុមកីឡាករកីឡាការិនី ជម្រើសជាតិកម្ពុជាតែម្តង ៕
ដោយ៖ សារីម