ខេត្តកំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលអោយបុរសម្នាក់ជាមន្ត្រីសុរយោដីខេត្តកំពង់ឆ្នាំង រងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅលើទ្រូងផ្លូវ ។
ដែលហេតុការណ៍នេះបានកើតឡើងកាលពីនៅវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបែកជា៤ ស្ថិតក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៏ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលបានអោយដឹងថា មន្ត្រីសុរិយោដីខេត្តដែលរងរបួសនេះ ឈ្មោះ កែប សំអុល អាយុ៥៣ឆ្នាំ មានទំលំនៅស្រុកកំពង់លែង និងធ្វើការជាមន្ត្រីសុរិយោដីខេត្ត ។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-0169 តាមបណ្តោយផ្លូវលំក្រាលគ្រួសក្រហម ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កើតហេតុ ជាផ្លូវប្រសប់ជាមួយថ្នល់ជាតិដោយសារម៉ូតូមានល្បឿនលឿនពេក ក៏បានជ្រុលហួសទៅបុកនឹងកង់ក្រោយផ្នែកខាងឆ្វេង រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទស្ទូច មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3C-8974 ដែលកំពុងបើកបរក្នុង ទិសដៅពីត្បូងទៅជើងយ៉ាងពេញទំហឹង បណ្តាលអោយជនរងគ្រោះបោកផ្ទប់នឹងរថយន្តរងរបួសយ៉ាងធ្ងន់ ដោយលែកម៉ូតូត្រូវបានខូចមួយកំណាត់មុខ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវកបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយឡែកមធ្យោបាយបង្កទាំងពីរត្រូវរក្សាទុកនៅអធិការដ្ឋានស្រុកបរិបូរណ៍ ដើម្បីរង់ចាំការដោះស្រាយទៅតាមនីតិវិធី ៕
ដោយ៖ ចន្ថា