ពេលថ្មីៗនេះកូរ៉េខាងជើងបានសាកល្បងមីស៊ីល ជាបន្តទៀត ក្រោយកិច្ចពិភាក្សាជាមួយអាមេរិកមិនទទលបានជោគជ័យ។ កូរ៉េខាងជើង បានពង្រឹងសកម្មភាពផលិតអាវុធរបស់ខ្លួនដើម្បីការពារខ្លួន ក្រោយកូរ៉េខាងជើងបាត់បង់ទំនុកចិត្តលើអាមេរិក។
ដើម្បីធ្វើឲ្យកូរ៉េខាងជើង មានការជឿជាក់ដើម្បីពិភាក្សាជាមួយអាមេរិកនិងកូរ៉េខាងត្បូង ជុំវិញកម្មវិធីបរមាណូ ពេលនេះ អាមេរិក និងកូរ៉េខាងត្បូង បន្តលុបគម្រោងធ្វើសមយុទ្ធ ជាសកម្មភាពបង្ហាញស្មោះត្រង់ជាមួយកូរ៉េខាងជើង។
អាមេរិកនិងកូរ៉េខាងត្បូង បានសម្រេចលុប គម្រោងធ្វើសមយុទ្ធទាហានអាកាសជាប្រចាំដែលមានឈ្មោះថា Vigilant Ace ដែលគ្រោងធ្វើឡើងនៅខែធ្នូ។ ទាំងនោះជាសកម្មភាពវិជ្ជមាន របស់ប្រទេសទាំងពីរ ដើម្បីផ្តល់ទំនុកចិត្តដល់កូរ៉េខាងជើង ។ សកម្មភាពខាងលើកើតឡើង ក្រោយទីក្រុងព្យុងយ៉ាងបន្តបាញ់សាកល្បងមីស៊ីលជាថ្មីដោយជោគជ័យ។
សារព័ត៌មាន Bloomberg បានផ្សាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ជាថ្មីម្តងទៀត បានប្រកាស លុបគម្រោងធ្វើសមយុទ្ធរួច ដែលជាការបំពេញទៅតាមការចង់បានរបស់ កូរ៉េខាងជើង ។ នៅពេលនេះសមយុទ្ធ Vigilant Ace ដែលត្រូវធ្វើឡើងនៅខែធ្នូក៏ត្រូវបានលុបចោលផងដែរ ដើម្បីបញ្ចៀសការប្រឈមមុខតានតឹង។
សមយុទ្ធ Vigilant Ace ដែលជាសមយុទ្ធរួមរបស់កម្លាំងទាហានអាកាស ប្រទេសទាំងពីរ បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៧ ហើយបានប្រែក្លាយទៅជាសមយុទ្ធប្រចំាឆ្នាំរបស់ប្រទេសទាំងពីរ។នៅក្នុងសមយុទ្ធកន្លងមក មានយន្តហោះចម្បាំងដល់ទៅ២៣០គ្រឿងចូលរួម ក្នុងនោះមានយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-1B Lancer បានវាយប្រហារទម្លាក់គ្រាប់នៅគោលដៅជិតកូរ៉េខាងជើង ។
ជាមួយសកម្មភាពជាវិជ្ជមានខាងលើ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោននិងព្យុងយ៉ាង អាចបន្តពិភាក្សាគ្នាជាថ្មីឡើងវិញដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិវាទ នឹងនាំមកនៅសន្តិភាពដល់ឧបទ្វីបកូរ៉េ ៕