ឆ្នាំចាស់ ២០១៥ បានកន្លង ឆ្នាំថ្មី ២០១៦ បានមកជំនួស ជាមួយនិងក្តីរីករាយរបស់ប្រជាជន។ សុខសន្តិភាពបានផ្តល់ជូនជាតិ និងប្រជាជនយើងនូវការសប្បាយរីករាយក្នុងការឆ្លងឆ្នាំដោយគ្មានការភ័យខ្លាចនៃការវាយប្រហារភេវរកម្មដែលប្រទេសមួយចំនួនកំពុងប្រឈមនោះឡើយ។
ម្សិលមិញ ខ្ញុំបានជួបនិងថតរូបជាមួយចៅៗទាំងអស់។ ពិបាកជាងចាប់ក្តាមដាក់ចង្អេរទៅទៀត។ មួយចេញ មួយចូល មួយយំ មួយសើច។ ខ្ញុំយល់ថាមិនមែនតែគ្រួសារខ្ញុំមួយទេដែលបានសប្បាយជួបជុំគ្រួសារ តែគ្រួសារស្ទើរទូទាំងប្រទេសដែលបានសប្បាយរីករាយ។ ឆ្នាំថ្មីជាមួយភារកិច្ចថ្មី និងភារកិច្ចចាស់ដែលបន្សល់ទុកពីឆ្នាំមុន ដែលត្រូវខិតខំអនុវត្តបន្តទៀត។
សូមមើលអនាគតក្រុមបាល់ទាត់បុរស និងអនាគតក្រុមបាល់ទះស្ត្រីត្រកូលហ៊ុន។ ចៅស្រីនឹងលេងបាល់ទះ។ ចៅប្រុសនឹងលេងបាល់ទាត់។ ពេលនេះចៅប្រុសមួយចំនួនកំពុងហ្វឹកហាត់នៅក្លឹបបឹងកេត។ ពួកគេកំពុងខិតខំហ្វឹកហាត់ឱយខ្លាំងដូចកីឡាករ ចាន់ វឌ្ឍនាកា ដើម្បីចូលរួម SEA GAMES ឆ្នាំ 2023 នៅកម្ពុជា៕