ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈដោយប្រើអំពើហិង្សាទៅលើស្រ្តីរងគ្រោះយ៉ាងធ្ងន់ធ្ងររងបួសបាក់ធ្មេញនិងជាំលើដងខ្លួនទៀតផង។
ការឃាត់ខ្លួនជនសង្ស័យរំលោភប្រើអំពើហិង្សានេះសមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង ០៨និង១៥នាទីព្រឹកថ្ងៃទី០៤វិច្ឆិកាឆ្នាំ២០១៩ នៅចំណុចភូមិ០៣ ឃុំត្រពាំងក្រហម ស្រុកកឥកូនមុំ ខេត្តរតនគិរីខណៈគេចខ្លួនមកសំងំនៅទីនោះ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ ជនសង្ស័យដែលឃាត់ខ្លួនបាននោះឈ្មោះ ស៊ីង ប៊ុតស៊ី ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរឡាវ មុខរបរកសិកររស់នៅភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី ។ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបានសម្រេចដោយប្រើហិង្សាវាយជនរងគ្រោះបាក់ធ្មេញលើចំនួន០៣ ដងខ្លួនមានស្នាមជាំនៅលើដើមទ្រូងនិងផ្ទៃមុខរងរបួសធ្ងន់ធ្ងរ។
ប្រភពបន្តថា៖ ជនសង្ស័យបានធ្វើសកម្មភាពរំលោភដោយហិង្សានោះនៅវេលាម៉ោង០៨និង៣០យប់ថ្ងៃទី០៣ខែវិច្ឆិកា ឆ្នាំ២០១៩ត្រង់នៅចំណុចក្រោយភូមិប៉ុងឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី រួចហើយក៏រត់គេចខ្លួនបាត់។
ប្រភពបន្តទៀតថា៖ ជនរងគ្រោះឈ្មោះ ម ម រ អាយុ២០ឆ្នាំជនជាតិខ្មែរឡាវ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើខណៈត្រឡប់មកពីចំការស្រែវិញក៏ត្រូវជួបជនសង្ស័យស្ទាក់ចាប់រំលោពតែម្តង។
លុះដល់ព្រឹកឡើងលោក ទឺ នូថង អធិការនគរបាលស្រុកវើនសៃបានដឹកនាំកម្លាំងសហការជាមួយកម្លាំងជំនាញជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តស្រាវជ្រាវតាមរកទើបឈានដល់ធ្វើការឃាត់ខ្លួនបានតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកវើនសៃរងចាំបំពេញបែបបទតាមនិតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ ជីវ័ន្ត