ឥណ្ឌូណេស៊ី៖ បន្ទាប់ពី ពិធីបើកវេទិកាហ្សាកាត់(ទ្រព្យបរិច្ចាគ ទាន) ពិភពលោកលើកទី៨ World Zakat Forum លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយ លោក បណ្ឌិត ម៉ាក់រូហ្វ អាមីន Ma’ruf Ameen អនុប្រធានាធិបតីឥណ្ឌូនេស៊ីនៅឯសណ្ឋាគារ Crown Plaza Hotel ក្រុងបាន់ដុង សាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីរឹតចំណងសាមគ្គីភាព មិត្ដភាព រវាងកម្ពុជា និងឥណ្ឌូណេស៊ីឲ្យកាន់តែល្អបន្ថែមទៀត ។
ជំនួបនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃអង្គារ៏៩កើតខែកត្ដិក ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០១៩។ នៅ ក្នុងជំនួបនេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ក៏បានពាំនាំ នូវពាក្យពេចន៍ ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីនឹករលឹកនិង មនោសញ្ចេតនាដ៏ជ្រាលជ្រៅ ជូនឯកឧត្តមអនុប្រធានាធិបតី និង ជម្រាបជូន អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ដែលទទួលបានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ការធ្វើឲ្យមានសុខដុមនីយកម្មសាសនា ប្រជាជនត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដោយមិនរើសអើងពូជសាសន៍។
ក្នុងនោះសហគមន៍ឥស្លាមទទួលបានសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា សិទ្ធិធ្វើនយោបាយ និងសិទ្ធិរស់នៅដោយស្មើមុខស្មើមាត់ក្នុងសង្គម។
លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ក៏បានស្នើសុំការផ្តល់អាហារូករណ៍ ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាសិក្សានៅ សាធារណរដ្ឋឥណ្ឌូណេស៊ី លេីមុខជំនាញផ្សេងៗ ជាពិសេសផ្នែកជំនាញបច្ចេកទេស។
លោកទេសរដ្ឋមន្រ្ដីក៏បានជម្រាបជូន អំពីក្រុមដែលចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា និងស្នើសុំភាគីឥណ្ឌូនេស៊ីបន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនេះបន្តទៅទៀត ក្នុងនាមជាប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបានជួយកម្ពុជាក្នុងដំណាក់កាលចរចា និងក្នុងដំណាក់កាលកិច្ចព្រមព្រៀងសម្រេចជាស្ថាពរ ពោលគឺ មិត្តឥណ្ឌូនេស៊ី បានខិតខំស្វែងរកសុខសន្តិភាពជូនដល់ប្រទេសកម្ពុជា ដែលប្រជាជនកម្ពុជាបានស្គាល់ជាយូរលង់មកហើយ។
ជាការឆ្លើយតប លោក ម៉ាក់រូហ្វ អាមីន Ma’ruf Ameen ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹករលឹកដល់លោក លោកក៏សូមជូនពរនិងលើកទឹកចិត្ត ដល់សម្ដេចតេជោ សូមមានសុខភាពល្អ ដើម្បីបន្តថែរក្សាសុខសន្តិភាពនៅកម្ពុជា និងសូមអបអរសាទរទោសចំពោះសហគមន៍ឥស្លាមនៅកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ខុសពីបណ្ដាប្រទេសមួយចំនួន ដែលបានធ្វើទុក្ខបុកម្និញ ទៅលើសហគមន៍ឥស្លាម ដូចជា នៅភូមា និងប៉ាឡេស្ទីន ជាដើម៕ ដោយ៖ សំរិត