ភ្នំពេញ៖ តារាសម្តែង និងចម្រៀង ឌី សូនីតា បានធ្វើឲ្យគេសរសើរគ្រប់ៗគ្នាអំពីសណ្តានចិត្តនៃការចែករំលែកប្រាក់មួយចំណែកដែលទទួលបានពីការថតភាពយន្តភាគ របស់នាងទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះចាត់ទុកជាគំរូ និងកជាការបង្ហាញទឹកចិត្តល្អប្រពៃក្នុងការចែករំលែកនិងចូលរួមចំណែកជួយដល់សង្គម។
កន្លងទៅតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោកជ័យ សុវ៉ាត ក៏ធ្លាប់បានយកថវិកាមួយចំណែកពីការច្រៀងរាំរបស់ខ្លួនជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដែលបានជួយដល់កុមារកម្ពុជារៀងរាល់ថ្ងៃ។ ធ្វើឲ្យគេសរសើរដល់សិល្បករខ្មែរជាថ្មីគឺក្រោយពី ឌី សូនីតាបានបង្ហាញមុខនៅមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានភ្នំពេញដោយនាំទាំងថវិកាផ្ទាល់ខ្លួនប្រមាណជាង៣ពាន់ដុល្លារជូនដល់មន្ទីរពេទ្យមួយនេះ។ តារាស្រីរូបនេះបញ្ជាក់ថា នាង និងម្តាយបានយកថវិកាដែលបានមកពីប្រាក់កំរៃដែលនៅសេសសល់មួយភាគពីការថតរឿងភាគចុងក្រោយរបស់ទូរទស្សន៏ជូនដលមន្ទីរពេទ្យមួយនេះ។ នាងថាលុយនេះអាចមិនមានចំនួនច្រើនសំរាប់អ្នកធូធា តែវាអាចនឹងច្រើនសំរាប់អ្នកខ្វះខាត ជាពិសេសសក្មេងៗទាំងអស់ដែលកំពុងត្រូវការជំនួយនៅមន្ទីរពេទ្យផ្ទាល់។ នាងនៅតែដឹងគុណដល់មន្ទីពេទ្យគន្ធៈបុប្ផាព្រោះបើមិនមានមន្ទីពេទ្យនេះទេ នាងនឹងមិនអាចរស់រានមានជីវិតដល់សព្វថ្ងៃឡើយ។ នាងក៏សូមអោយបុណ្យកុសលដែលនាងបានធ្វើ សូមជួយអោយនាងនិងអ្នកម្តាយជួបតែមនុស្សល្អ មិត្តល្អ ក្រុមការងារល្អ សុខភាពល្អ ជាពិសេសសូមអោយប្រជាពលរដ្ឋខ្មែរទាំងអស់រស់ផុតចាកទុក្ខ សុខសប្បាយទាំងអស់គ្នា។
គួរបញ្ជាក់ដែរថាក្រៅពីការបង្ហាញមុខក្នុងមន្ទីរពេទ្យនេះ កន្លងមកតារាសម្តែង ឌី សូនីតាធ្លាប់បានលេចមុខក្នុងកម្មវិធីសង្គម និងសប្បុរសធម៌មួយចំនួន ពិសេសការជួយដល់ក្មេងកំព្រា និងកុមារដែលមកពីក្រុមគ្រួសារក្រីក្រជាដើម៕
ដោយ វឌ្ឍនា