ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានកើតឡើងបណ្ដាលឲ្យឆាបឆេះខ្សែភ្លើងក្នុងពិដានហុយផ្សែងឡើងទ្រលោម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍យកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់យ៉ាងញ៉ាប់ដៃញ៉ាប់ជើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងហាងលក់សំលៀបបំពាក់ យីហោ DADA ស្ថិតក្នុងភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន រាជធានីភ្នំពេញ ។
ម្ចាស់ហាងខាងលើមានឈ្មោះ ជ័យ សុវណ្ណដា ភេទស្រី អាយុជាង៣០ឆ្នាំ ។
បើតាមសម្ដីម្ចាស់ផ្ទះបានឲ្យដឹងថា មុនកើតហេតុ មានការលោតឌីសង់ទ័រក្នុងប្រអប់ភ្លើង រួចគាត់ក៏បាន ហៅជាងភ្លើងឲ្យមកមើល តែជាងភ្លើងប្រាប់ថាមិនអីទេ បើកប្រើបានធម្មតាទៅ ។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានក្លិនឆ្ងៀម ព្រមទាំងហុយផ្សែងយ៉ាងទ្រលោមតែម្ដង ទើបគាត់នាំគ្នាយកសំភារៈក្នុងហាងចេញយ៉ាងលឿន និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ផងដែរ ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចមូលដ្ឋានបានចេញមកយ៉ាងលឿន និងយកបំពង់ពន្លត់អគ្គិភ័យមកធ្វើការបាញ់ពន្លត់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យយករថយន្តពន្លត់អគ្គិភ័យដើម្បីជួយបាញ់ពន្លត់ផងដែរ តែខណៈរថយន្តពន្លត់អគ្គិភ័យបានមកដល់ចំនួន២គ្រឿង សមត្ថកិច្ចមូលដ្ឋានបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យជាង១០បំពង់ បានបាញ់ពន្លត់ទៅវិញជាស្ថាពរទៅហើយ ។
ក្នុងករណីអគ្គិភ័យខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតសំភារៈមួយចំនួនតូចតែប៉ុណ្ណោះ ។ចំពោះមូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីចេញពីពិដាន ៕ដោយ៖ ភារ៉ា ដង្កោ