ប្រព័ន្ធផ្សព្វផ្សាយ៖​ ទីបំផុតគម្រោងរបស់ សម រង្ស៉ី ហោះ​ហើរចាកចេញពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងបាងកក ត្រូវបានបរាជ័យ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានក្នុងស្រុកមួយបានផ្សាយថា គម្រោងរបស់ លោក សម រង្ស៉ី ហោះហើរចាកចេញពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នោះត្រូវបានបរាជ័យហើយ ដោយសារតែ​មិនមានឈ្មោះ ក្នុងជើងហោះហើរពីប៉ារីស ទៅកាន់ទីក្រុងបាងកក នៅថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៩ឡើយ ។

ប្រភពបានបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលកម្ពុជា បានថ្លែងនៅព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា «សម រង្ស៉ី មិនមានឈ្មោះក្នុងជើងហោះហើរពីប៉ារីស ទៅកាន់ទីក្រុងបាងកក នៅថ្ងៃទី៧ វិច្ឆិកានេះទេ»។ សម្រាប់ថ្ងៃទី៧ វិច្ឆិកានេះ សម រង្ស៉ី បានពន្យារពេលជើងហោះហើរអស់ហើយ ។

ប្រភពព័ត៌មានខាងលើនេះ បានយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែលបានថ្លែងប្រាប់មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ មន្រ្តីជាន់ខ្ពស់អន្តោប្រវេសន៍មួយរូបថា «ភាគីខាងថៃក្រុមហ៊ុន Thai Airways បានបញ្ជាក់មកថា សម រង្ស៉ី មិនមានឈ្មោះឡើងលើយន្តហោះមកទីក្រុងបាងកកទេ» ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ នាយករដ្ឋមន្ត្រី​ថៃ លោកប្រាយុទ្ធ ចាន់អូចា បានថ្លែងក្នុងសន្និសីទមួយថា កម្ពុជា និងថៃ​សុទ្ធតែជាប្រទេស​សមាជិកអាស៊ានដូចគ្នា ហើយថៃ​រក្សា​មិនជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុងរវាងគ្នានឹងគ្នាឡើយ ហើយថៃមិនអនុញ្ញាត​ឲ្យ​មនុស្សប្រឆាំងរដ្ឋាភិបាលប្រើប្រាស់ប្រទេសថៃ​សម្រាប់ធ្វើសកម្មភាពនោះដែរ ។

លោកប្រាយុទ្ធ បានថ្លែងថា«ខ្ញុំសូមដាក់បទបញ្ជាដូច្នេះ ហើយគាត់ (សម រង្ស៊ី) ប្រហែលមិនអនុញ្ញាតឲ្យចូលទឹកដីប្រទេសថៃបានទេ» ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print