ភ្នំពេញ៖សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួចគាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីលួចសម្ភារៈមានតម្លៃ។
សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ឡេង យៀប អាយុ ៣៣ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វា ឃាត់ខ្លួន កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅចំណុច ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។
បន្ទាប់ពីឃាត់ខ្លួនបាន ជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ក្រោយពេលជក់គ្រឿងញៀនហើយ រូបគេបានឃើញម្ចាស់ផ្ទះជាប្តីប្រពន្ធ បានបើកម៉ូតូចេញពីផ្ទះ ដោយរូបគេឃើញឱកាសល្អ ក៏បានផ្លោះរបងចូល ព្រមទាំងយកកន្រ្តៃកាត់ស័ង្កសី ចូលទៅខាងក្នុងផ្ទះ ហើយបានរើកកាយរកសម្ភារៈមានតម្លៃ ស្របពេលនោះម្ចាស់ផ្ទះមកវិញទាន់ឃើញ ក៏ប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វាឃាត់ខ្លួនតែម្តង៕
ដោយ៖ ជ្រោយពេជ្រ