ប្រទេសថៃ៖ អ្នកប្រដាល់ល្បីឈ្នោះកែវ រំចង របស់ក្លិបកងពលតូចពិសេសភ្នំទ្រព្យ បានសងសឹកកីឡាករ កំពូលឌឺរបស់ ថៃឈ្មោះ Iquezang បានសម្រេចក្នុងការប្រកួត៣ទឹក ដោយបានបន្សល់ទុកស្នាមរបួស លើផ្ទៃ មុខឲ្យកីឡាករ រូបនោះផងដែរ ចំណែកកីឡាករ ផល សោភ័ណ្ឌរបស់ ក្លិបតាឡីដំរីមានប្ញទ្ធិ ត្រូវបានកីឡាករ ថៃឈ្មោះ Saen chai វាយឲ្យសន្លប់ក្នុងទឹកទី១ ក្នុងកម្មវិធីប្រកួតកីឡា ប្រដាល់ដ៏ធំលំដាប់អាស៊ីនា ដំណាច ឆ្នាំ២០១៥ កាលពីរាត្រីថ្ងៃទី៣១ខែធ្នូ នៅទីក្រុងបាងកកប្រទេសថៃ។
នៅក្នុងទិដ្ឋភាពប្រកួតរយៈពេល៣ទឹក រវាងកីឡាករ កែវ រំចង់នឹង Iquezang បានធ្វើឲ្យទស្សនិកជន ព្រឺព្រួចជាខ្លាំងពីព្រោះអ្នកប្រដាល់ថៃ Iquezangហាក់មានកំហឹងពេញខ្លួន ដូចជាចង់វាយឲ្យរំចង់សន្លប់ភ្លាមៗ នៅវិនាទីណាមួយ ចាប់តាំងទឹកដំបូង។ អ្នកទស្សនារាប់ម៉ឺននាក់បានសង្កេតឃើញថា កីឡាករថៃ Iquezang មានចរិតឆេវឆាវក្អេងក្អាងជាពិសេសនៅមុនពេលវេលាប្រកួតជាផ្លូវការមកដល់ ដោយអ្នកប្រដាល់ថៃ រូបនេះ បានបោះសម្តីឲ្យរំចង់ថា ខ្លួននឹងវាយឲ្យកីឡាករ កែវ រំចងរកផ្លូវទៅផ្ទះវិញមិនឃើញជាដើម។
ជាក់ស្តែងការប្រកួតបានតែប៉ុន្មាននាទីប៉ុណ្ណោះក្នុងទឹកទី១ កីឡាករថៃ ឈ្មោះ Iquezang បានបញ្ចេញចរិត មិនស្តាប់លោកអាជ្ញាកណ្តាល ដោយឆ្លៀតប្រើជើងធាក់មកលើ កីឡាករ កែវ រំចង់ខណៈដែលអាជ្ញាកណ្តាលកំពុង ចាប់បំបែកពីខ្សែរេញម្ខាង ដើម្បីឲ្យមកប្រកួតនៅកណ្តាលរេញវិញ ប៉ុន្តែកីឡាករ កែវ រំចង់ ក៏បានប្រើ ជើងធាក់សងទៅលើ Iquezangវិញភ្លាមៗធ្វើឲ្យមានសំឡេងស្រែកហ៊ោកញ្ជ្រៀវ ពីសំណាក់អ្នកទស្សនា ផ្ទាល់នៅ មជ្ឈមណ្ឌល Central World ឡើងកងរំពងតែម្តង។
នៅក្នុងទឹកទី២កីឡាករទាំង២នាក់នៅបន្តការប្រកួតដោយប្រុងប្រយ័ត្នរៀងៗខ្លួន ប៉ុន្តែទោះបីយ៉ាងណាសន្ទុះ វាយចេញរបស់ពួកគេ បានវាយសងគ្នាទៅវិញទៅមក ប៉ុន្តែកីឡាករថៃឈ្មោះ Iquezang ហាក់ប្រើកណ្តាប់ដៃ បានចំគោលដៅល្អជាងកែវ រំចង់ ។ ដោយសារ គេក្លាចអាចប្រៀបពិន្ទុអ្នកប្រដាល់ថៃកំពូលឌឺ Iquezangនេះ នៅដើមទឹកទី៣ រំចង់បានវាយប្តូរជាមួយ Iquezang រហូតធ្វើឲ្យ Iquezang មានស្នាមបែកឈាម ហូរចេញពី គល់ចិញ្ចើមខាងស្តាំ ហើយក៏ត្រូវគ្រូពេទ្យពិនិត្យមុខរបួសបន្តិច ទើបអនុញ្ញាតឲ្យបន្តការប្រកួតទៀត។
យ៉ាងក៏ដោយ កីឡាករ កែវ រំចង់ នៅតែបន្តព្យាយាមតាមវាយ Iquezang រហូតដល់ចប់ទឹកទី៣ ខណៈ ដែលកីឡាករIquezangហាក់មានជំនឿចិត្តខ្ពស់ថារូបគេទំនងជាឈ្នះពិន្ទុកីឡាករកែវ រំចង់ម្តងទៀត។ ប៉ុន្តែ ការគិតរបស់កីឡាករ ថៃ Iquezang គឺផ្ទុយស្រឡះ ដោយលទ្ធផលជាផ្លូវការគណៈកម្មការចៅក្រម បានដាក់ពិន្ទុឲ្យកីឡាករ កែវ រំចង់របស់កម្ពុជាឈ្នះ កីឡាករ Iquezang ឯកច្ឆន្ទៈដូច្នេះកែវ រំចង់ វាយសងសឹក Iquezang បានសម្រេចមុនឆ្លងឆ្នាំសកល២០១៥ឈានចូលឆ្នាំថ្មី ២០១៦នៅលើទឹកដីប្រទេសថៃធ្វើឲ្យ កីឡាករ Iquezangកើតទុក្ខ មិនសុខចិត្តក៏ផ្តួលខ្លួនទៅលើសង្វៀនភ្លាមៗផងដែរ។
ចំណែកឯកីឡាករ ផល សោភ័ណ្ឌ ត្រូវកីឡាករជើងខ្លាំងថៃឈ្មោះ Saen chai វាយឲ្យបោះបង់ការប្រ កួតត្រឹមតែទឹកទី១ដោយកណ្តាប់ដៃ ។ ចំពោះបរាជ័យរបស់កីឡាករ ផល សោភ័ណ្ឌខាងលើនេះ ត្រូវអ្នក ស្នេហាវិស័យកីឡាក្នុងស្រុកផ្ញើសារអេឡិចត្រូនិកលើកទឹកចិត្តយ៉ាងច្រើន ដោយសារតែការប្រកួតនេះរបស់ ផល សោភ័ណ្ឌធ្វើឡើងដោយពុំបានព្រាងទុកមុនដូចកីឡាករកែវ រំចងនិង Iquezang ដែលជាគូសងសឹក នោះឡើយ៕
ដោយ៖ សារីម