នៅក្នុងសម័យកាលវិជ្ជសាស្ត្រទំនើប អាស្រាវជ្រាវ រកឃើញថ្នាំព្យាបាលជំងឺផ្សេងៗ គ្រប់ប្រភេទ មនុស្សស្លាប់ដោយសារជំងឺក៏កាន់តែកើនឡើងផងដែរ ។ តាមរបាយការរបស់អង្គការ UNICEF បានបញ្ជាក់ថា ជំងឺរលាកសួត សម្លាប់កុមារ និងទារក ជាង៨សែននាក់ នៅលើពិភពលោក។
អង្គការសុខភាពពិភពលោក នៅថ្ងៃទី១២ ខែវិច្ឆិកា បានឲ្យដឹងថា ជំងឺរលាកសួត បានសម្លាប់ទារក និងកុមារ ប្រហែលជាង៨សែននាក់ កាលពីឆ្នាំកន្លងទៅ ឬគេអាចនិយាយបានថា រៀងរាល់៣៩វិនាទី មានកុមារម្នាក់ស្លាប់ ដោយសារជំងឺនេះ។
នៅក្នុងរបាយការណ៍របស់ភ្នាក់ងារសុខភាពពិភពលោក បានឲ្យដឹងថា អង្គការ Unicef អង្គការមនុស្សធម៌សង្រ្គោះកុមារអន្ដរជាតិ និងភ្នាក់ងារសុខាភិបាល ចំនួន៤ផ្សេងទៀត បានជំរុញឲ្យរដ្ឋាភិបាលនានា នៅលើពិភពលោក បង្កើនការវិនិយោគ ទៅលើវ៉ាក់សាំង ដើម្បីបង្ការជំងឺ ក៏ដូចជា ការបម្រើដល់វិស័យសុខាភិបាល និងថ្នាំសម្រាប់ព្យាបាលជំងឺនេះ។
លោក Seth Berkley នាយកប្រតិបត្តិ នៃសម្ពន្ធភាពវ៉ាក់សាំង GAVI បានមានប្រសាសន៍ថា ជាការពិតណាស់ ជំងឺដែលអាចការពារបាន អាចព្យាបាល និងធ្វើរោគវិនិច្ឆ័យបានយ៉ាងងាយស្រួល ក៏នៅតែជាឃាតករសម្លាប់កុមារដ៏ច្រើនបំផុត នៅលើពិភពលោក ដែលមើលទៅ គួរឱ្យរន្ធត់ណាស់»។ ការរលាកសួត គឺជាជំងឺសួតដែលបណ្តាលមកពីបាក់តេរី វីរុស ឬផ្សិត។
ជនរងគ្រោះ ដោយសារជំងឺនេះ ត្រូវតែប្រឈមនឹងការពិបាកដង្ហើម ខណៈសួតរបស់ពួកគេពោរពេញទៅដោយខ្ទុះ និងវត្ថុរាវ។ ករណីនេះ គេអាចការពារបាន ដោយថ្នាំបង្ការ និងព្យាបាលដោយថ្នាំអង់ទីប៊ីយោទិក ហើយក្នុងករណីធ្ងន់ធ្ងរ ក៏ត្រូវប្រើប្រាស់អុកស៊ីសែនផងដែរ។ ប៉ុន្តែបើនៅក្នុងប្រទេសក្រីក្រ ការប្រើថ្នាំទាំងនេះ ច្រើនតែមានការកំណត់។
ប្រទេសនីហ្សេរីយ៉ា ឥណ្ឌា ប៉ាគីស្ថាន សាធារណរដ្ឋកុងហ្គោ និង ប្រទេសអេត្យូពី ត្រូវបានគេកត់ត្រាឃើញថា កុមារជាងពាក់កណ្ដាល នៃចំនួនខាងលើ បានស្លាប់ដោយសារជំងឺរលាកដង្ហើម កាលពីឆ្នាំកន្លងទៅ។ ភាគច្រើន នៃទារកដែលស្លាប់នោះ គឺមានអាយុក្រោម២ឆ្នាំ។
លោក Kevin Watkins នាយកប្រតិបត្ដិ នៃអង្គការសង្រ្គោះកុមារ បានឲ្យដឹងថា កុមាររាប់លាននាក់ កំពុងត្រូវការថ្នាំបង្ការ និងព្យាបាលឲ្យបានដិតដល់។ ករណីនេះ ជំរុញឲ្យមានការឆ្លើយតបជាបន្ទាន់ពីអន្ដរាជាតិ៕