ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង០២ះ២៣(ជិតភ្លឺ)នាទី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃ ០២រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ នៅលើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១៧-១៨ ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានករណីរថយន្តធុនធំបុកប៉ះគ្នា បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរ និងមាន មនុស្សរងរបួសផងដែរ ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តម៉ាកហុិនដាយ ពណ៌ស បៃតង ពាក់ផ្លាកលេខភ្នំពេញ3C.6955 របស់ក្រុមហ៊ុនហេង.សុខឃឿន ដឹកអ្នកដំណើរ (បើកបរផ្លូវត្រង់ពីជើងទៅត្បង)ដោយឈ្មោះ អុិន.សុីថា ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់)។
រថយន្តម៉ាកហុិនដាយ ពណ៌ខៀវ ផ្លាកលេខព្រះសីហនុ3A.7034 ដឹកស្រូវ (បើកបរទឹសដៅពីជើងទៅត្បូងហើយបត់ស្តាំ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
តាមការអះអាងពីសមត្ថកិច្ចក្រោយពិនិត្យនិងធ្វើកំណត់ហេតុថា មូលហេតុជាបឋមបង្កដោយអ្នកបើកបររថយន្តដឹកស្រូវ ផ្លាកលេខព្រះសីហនុ3A.7034 បើកបរបត់ស្តាំខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ករងចាំដោះស្រាយគ្នាតាមក្រោយ៕ ប៊ុនរិទ្ធី