ខេត្តកំពត៖ ត្រីរាប់ពាន់រាប់មុឺនក្បាល បានងាប់អណ្តែតពេញទឹកប្រឡាយ ដោយគ្មានមូលហេតុ ហើយករណីមានត្រីងាប់ជាច្រើនក្បាលនេះ គេឃើញពលរដ្ឋនាំគ្នាចុះចាប់ត្រីណា ដែលមិនទាន់ងាប់យ៉ាងពពាក់ពពូន។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលពលរដ្ឋនាំគ្នាដួសយកត្រីក្នុងប្រឡាយនេះ បានកើតឡើងមុនដំបូងកាលពីរសៀលថ្ងៃទី១៧ និងបន្តរហូតដល់រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចប្រឡាយក្បែររោងចក្រផលិតទឹកកកមួយកន្លែង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។
ទាក់ទិននឹងករណីមានត្រីពុលជាច្រើនក្បាលនេះ ប្រជាពលរដ្ឋរស់នៅក្បែរប្រឡាយទឹកបាននិយាយថា កាលមានភ្លៀងធ្លាក់ខ្លាំងប្រឡាយខាងលើមានទឹកច្រើន គេមិនដែលឃើញមានត្រីមួយក្បាលណាងាប់អណ្តែតទឹកឡើយ លុះប៉ុន្មានថ្ងៃនេះពេលទឹក ប្រឡាយស្រក ស្រាប់តែមានត្រីរាប់ពាន់ក្បាលងាប់អណ្តែតពេញប្រឡាយទឹក ជាហេតុធ្វើឲ្យពលរដ្ឋ ជាច្រើននាក់នាំគ្នាចុះចាប់ត្រីយកធ្វើម្ហូប ហើយករណីងាប់ត្រីនេះសង្ស័យពុលនឹងសារធាតុអ្វីម្យ៉ាង ដែលហូរចូលក្នុងទឹកប្រឡាយនេះ។
ពាក់ព័ន្ធនឹងករណីត្រីងាប់ខាងលើ លោក យន់ វេហា មន្ត្រីជលផលស្រុកកំពង់ ត្រាចបាននិយាយថា រឿងត្រីងាប់ក្នុងប្រឡាយទឹកនេះ លោកមិនទាន់ហ៊ានកំណត់ថា វាពុលងាប់ដោយសារអ្វីឲ្យប្រាកដនោះទេ ដោយរង់ចាំឆ្លងការពិនិត្យពីមន្ត្រីជំនាញសិន ទើបអាចកំណត់បាន។
ដោយឡែក នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកអូន ខន អភិបាលស្រុកកំពង់ត្រាច បានបញ្ជាក់ប្រាប់ថា លោកទើបតែទទួលបានសេចក្តីរាយការណ៍ ពីមន្ត្រីក្រោមឱវាទថា មានត្រីងាប់អណ្តែតក្នុងប្រឡាយ។
ក្រោយពីទទួលបានព័ត៌មានបឋម លោកជំរុញឲ្យមន្ត្រីនៃមន្ទីរជំនាញចុះពិនិត្យជាក់ស្តែង ដើម្បីស្វែងរកមូលហេតុ តើត្រីក្នុងប្រឡាយពុលដោយសារអ្វី?៕