ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ឃើញម៉ូតូគេទុកនៅខាងមុខផ្ទះ ស្ងាត់ចូលធ្វើសកម្មភាពលួច រួចបណ្ដើរចេញ ខណៈម្ចាស់ម៉ូតូចេញពីក្នុងផ្ទះមកវិញ ឃើញទាន់ក៏ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងនាំគ្នាចាប់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។ ករណីលួចនេះ កើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង សុភក្រ័ ហៅរតនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៥ ឃុំកំពង់សឹង្ហ ស្រុកបាភ្នំ ខេត្តព្រែវែង រីឯជនរងគ្រោះឈ្មោះ ប៊ុន សុខ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ/សង្កាត់កើតហេតុ ។ ចំណែកវត្ថុតាងដកហូតបានមកវិញមានម៉ូតូ១គ្រឿង ម៉ាក់ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1V-7953 ,សោខ្សៀលេខ៨ចំនួន១ និងដែក៦ជ្រុងចុងសំប៉ែតចំនួន១ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួននៅខាងមុខផ្ទះដោយមានភ្ជាប់កុងតាក់សំងាត់ផងដែរ ខណៈស្រាប់តែមានជនសង្ស័យម្នាក់ខាងលើបានដើរចូលមករកម៉ូតូ រួចធ្វើសកម្មភាពយកដែករាងអក្សរ T ចាក់បំបែកសោរម៉ូតូហើយបណ្តើរចេញទៅ ភ្លាមនោះជនរងគ្រោះចេញពីក្នុងផ្ទះមកវិញ ឃើញទាន់ស្រែកថា ចោរៗផ្អើលអស់អ្នកជិតខាងនាំគ្នាព្រួតវាយចាប់ឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់ករម៉ូតូរបស់ជនរងគ្រោះខាងលើប្រាកដមែន ហើយកាលពីឆ្នាំ២០១០ ខ្លួនធ្លាប់កាច់កយកម៉ូតូគេម្តង នៅស្រុកខ្សាច់កណ្តាល ហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានដាក់ពន្ធនារគារខេត្តកណ្តាលរយៈពេល១ឆ្នាំ និង៦ខែផងដែរ ៕