ភ្នំពេញ ៖ បណ្តាប្រទេសតាមដងទន្លេមេគង្គក្រោមនឹងទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង ចាប់ពីពេលនេះ រហូតដល់ខែមករា ឆ្នាំ២០២០ ខណៈដែលប្រទេសកម្ពុជានិងថៃនឹងរងនូវការវាយប្រហារនេះខ្លាំងជាងប្រទេសឡាវ និងប្រទេសវៀតណាម ។ នេះបើយោងតាមគណៈកម្មការទន្លេមេគង្គ (ហៅកាត់ថា MRC) បានប្រកាសផ្សាយព័ត៌មាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ ។
យោងតាមការវិភាគទិន្នន័យបឋមរបស់ គណៈកម្មការទន្លេមេគង្គ(MRC)បានបង្ហាញថា គ្រោះរាំងស្ងួតបណ្តាលមកពីបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់ក្នុងកំឡុងពេលរដូវវស្សា ដោយសារការធ្លាក់ភ្លៀងមូសុងយឺត និងការឈប់ធ្លាក់ភ្លៀងមូសុងនេះមុនពេលកំណត់ ព្រមទាំងបាតុភាពអែល នីណូ (El Nino) ដែលបង្កឲ្យមានកំដៅ និងរំហួតខ្ពស់ខុសប្រក្រតី។
ជាធម្មតា ភ្លៀងមូសុងតែងតែចាប់ផ្តើមធ្លាក់នៅចុងខែឧសភា និងបញ្ចប់នៅក្នុងខែតុលា។ ប៉ុន្តែក្នុងឆ្នាំនេះ វាចាប់ផ្ដើមធ្លាក់យឺត ជិតពីរសប្តាហ៏ និងឈប់ធ្លាក់ប្រហែលបីសប្តាហ៏មុនពេលកំណត់។
ប្រធានមជ្ឈមណ្ឌលគ្រោះរាំងស្ងួត និងទឹកជំនន់ប្រចាំតំបន់នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គលោកបណ្ឌិត ឡាំ ហុងសឺន ដែលដឹកនាំការវិភាគនេះមានប្រសាសន៍ថា៖ “អាកាសធាតុស្ងួតរយ:ពេលយូរនៅឆ្នាំនេះ អាចបង្កផលប៉ះពាល់អវិជ្ជមានដល់ដំណាំ និងផលិតផលកសិកម្ម។ បញ្ហាកង្វះទឹកប្រើប្រាស់អាចនឹងកើតមាន ប្រសិនបើគ្រោះរាំងស្ងួតនៅតែបន្ត” ។
ផ្អែកលើទិន្នន័យរយ:ពេលបីខែ ការវិភាគនេះបានផ្តោតលើប្រូបាប និងកម្រិតនៃភាពរាំងស្ងួត រួមទាំងទឹកភ្លេងដោយធៀបទៅនឹងទិន្នន័យឆ្នាំចាស់ហៅថាសន្ទស្សន៍ស្តង់ដារទឹកភ្លៀង (SPI) និងកម្រិតស្ងួតនៃស្រទាប់ខាងលើដី ហៅថាសន្ទស្សន៍គ្រោះរាំងស្ងួតរួមគ្នា (CDI) នៅតាមបណ្តាលប្រទេសជាសមាជិករបស់MRC ដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ។
ការវិភាគបានបង្ហាញទៀតថា នៅតាមដងទន្លេមេគង្គក្រោមនឹងប្រឈមគ្រោះរាំងស្ងួត ទាំងគ្រោះរាំងស្ងួតកំណត់ដោយឧតុនិយម ស្ថានភាពមួយដែលបានកើតឡើងនៅពេលលំនាំអាកាសធាតុស្ងួតបានគ្របដណ្តប់លើតំបន់មួយចំនួនក្នុងរយ:ពេលមួយ និងគ្រោះរាំងស្ងួតដែលប៉ះពាល់វិស័យកសិកម្ម ស្ថានភាពនេះកើតឡើងនៅពេលផលដំណាំអាចនឹងរងការប៉ះពាល់ ។
នៅក្នុងកំឡុងសប្តាហ៍ទី៣ និងទី៤ ខែវិច្ឆិកា តាមការព្យាករណ៍បង្ហាថា នៅតំបន់មួយភាគធំនៃដងទន្លេមេគង្គក្រោមនឹងរងផលប៉ះពាល់ពីស្ថានភាពនេះ។ គ្រោះរាំងស្ងួតនឹងមានសភាពកាន់តែធ្ងន់ធ្ងរឡើងចាប់ពីខែធ្នូ រហូតដល់ខែមករា ឆ្នាំ២០២០ ដោយនៅតាមតំបន់ជាច្រើននៃដងទន្លេមានភ្លៀងធ្លាក់តិចតួច ឬគ្មានភ្លៀង ។ តំបន់ភាគខាងជើង និងតំបន់ឥសាននៃប្រទេសថៃ រួមមានខេត្តឈៀងម៉ៃ ឡឺយ ណុងបូឡាំភូ ឧដនថានី ខនកែនឆា យ៉ាភូមិ សាកនណាខន ណាខនរ៉ាត់ឆាសីម៉ា បុរីរាំ មាហាសារខាំ សុរិន និង ស៊ីសាកេត ក៏ដូចជាតំបន់ភាគឥសាននៃប្រទេសកម្ពុជា រួមមាន៖ ខេត្តឧត្តរមានជ័យ ,ព្រះវិហារ និងខេត្តសៀមរៀប នឹងរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតនេះខ្លាំងបំផុត ។
ចំណែកតំបន់ភាគកណ្តាល និងខាងជើងនៃប្រទេសឡាវ រួមមានខេត្តវៀងចន្ទ សាយសូមបុណ្យ សាយ៉ាបូរី និងខេត្តលួងប្រាបាង ក៏នឹងរងផលប៉ះពាល់នេះផងដែរ ប៉ុន្តែតិចតួចជាង។ ទោះបីមិនមានសញ្ញាបង្ហាញពីគ្រោះរាំងស្ងួតនៅដែនដីសណ្តរមេគង្គនៃប្រទេសវៀតណាម លំហូរនៃទឹកប្រែអាចនឹងក្លាយជាបញ្ហា បង្កជាហានិភ័យខ្លះៗដល់ដំណាំកសិកម្ម ។
គណៈកម្មការទន្លេមេគង្គអះអាងថា ពិតណាស់គ្រោះរាំងស្ងួតឆ្នាំ២០១៩នេះ បានបណ្តាលឲ្យកម្រិតទឹកទន្លេមេគង្គធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល៦០ឆ្នាំចុងក្រោយ ។ តំបន់ភាគច្រើននៃដងទន្លេបានជួបប្រទះនូវលំហូរទឹកទាបគួរឲ្យកត់សម្គាល់ ចាប់ពីខែមិថុនាមក។ ទោះជាយ៉ាងណាក៏ដោយ គេរំពឹងទុកថាស្ថានភាពរាំងស្ងួតនឹងមានភាពប្រសើរជាងមុន បន្តិចម្តងៗ ចាប់ពីសប្តាហ៍ទី២ ខែមករា ដោយសារតែអាកាសធាតុនឹងប្រែមកមានសំណើមបន្តិចវិញ ។
នៅសប្តាហ៍ក្រោយក្រុមប្រឹក្សា MRC ដែលជាស្ថាប័នថ្នាក់រដ្ឋមន្ត្រីខ្ពស់បំផុត នឹងជួបពិភាក្សាលើបញ្ហាគ្រោះរាំងស្ងួតនៅក្នុងជំនួបប្រចាំឆ្នាំ នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ គេរំពឹងទុកថាក្រុមប្រឹក្សានេះនឹងអនុម័តយុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្ត ដោយផ្តោតលើវិធានការចាំបាច់សម្រាប់ការកាត់បន្ថយគ្រោះហានិភ័យ និងដើម្បីផ្លាស់ប្តូរក៏ដូចជាផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងគ្រោះរាំងស្ងួត។
ក្នុងកំឡុងសប្តាហ៍ខាងមុខនេះ គណៈកម្មការទន្លេមេគង្គ និងមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកឡានឆាង នឹងចាប់ផ្តើមរៀបចំដើម្បីធ្វើការសិក្សារួមគ្នាមួយស្តីពីស្ថានភាពគ្រោះរាំងស្ងួតនេះ តាមដែលភាគីទាំងពីរបានពិភាក្សាគ្នា។ ការសិក្សានេះមានគោលបំណងផ្តល់នូវអនុសាសន៍លើសកម្មភាពនានាដែលជំរុញការផ្លាស់ប្តូរព័ត៌មាននិងទិន្នន័យ និងទំនាក់ទំនងឲ្យកាន់តែប្រសើរឡើង រួមទាំងប្រតិបត្តិការប្រកបដោយភាពសម្របសម្រួលតាមអាងស្តុកនានា ៕ NKD