ខេត្តកំពង់ឆ្នាំង ៖ អគ្គិភ័យបានឆេះយ៉ាងសន្ធោសន្ធៅក្រហមច្រាលពេញលើផ្ទៃកោះ បន្ទាប់ពីប្តីបានផ្ទុះកំហឹងយកចង្រ្កានហ្គាសទៅដុតរោងចំាចំការរបស់ខ្លួន ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចកោះតាតូច ក្នុងភូមិសាស្រ្តឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹងថា ប្តីដែលដុតរោងចាំចំការខ្លួនឯងនោះមានឈ្មោះ សុខ លន់ អាយុ២៧ឆ្នាំ។ ចំណែកប្រពន្ធឯប្រពន្ធមាន ឈ្មោះ ជា ស្រីល័ក្ខ អាយុ២៣ឆ្នាំ រស់នៅភូមិស្ទឹងសណ្ដែត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
នៅមុនពេលកើតហេតុប្តីប្រពន្ធទាំងពីរនាក់នេះបានឈ្លោះប្រកែកយ៉ាងខ្លាំង ក្នុងពេលដែលកំពុងឈ្លោះគ្នានោះប្តីឈ្មោះ សុខ លន់ ដោយសារប្តីស្រវឹងផងនោះក៍ខឹងយ៉ាងខ្លាំង ហើយបានស្ទុះទៅយកចង្រ្កានហ្គាសដែល ប្រពន្ធកំពុងតែចៀនត្រីយកទៅដុតរោងចំាចំការរបស់ខ្លួន បណ្តាលអោយឆេះសន្ធោសន្ធៅខ្លាំងតែម្តង និង មិនអាចជួយពន្លត់បាន ក៍ឆេះរាលទៅដល់រោងចាំចំការរបស់ឪពុកក្មេកដែលនៅជាប់គ្នាខ្ទេចតែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា អគ្គិភ័យនេះមិនអាចជួយពន្លត់បាននោះទេដោយទីតាំងដែលឆេះគឺស្ថិតនៅលើកោះប៉ុន្តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សនោះទេ ៕ ចន្ថា