ភ្នំពេញ៖ មកទល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ រយៈពេល៤០ឆ្នាំគត់ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធប៊ុន រ៉ានី ហ៊ុន សែន បានរៀបអាពាហ៍ពិពាហ៍ក្នុងសម័យប៉ុល ពត បនប្រល័យពូជសាសន៍ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងរំឭកនូវអនុស្សាវរីយ៍ដ៏ជូរចត់ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលស្គាល់គ្នាក្នុងរបបបនប្រល័យពូជសាសន៍យ៉ាងដូច្នេះថា៖
«៤០ ឆ្នាំមុនគឺនៅថ្ងៃទី ២ ខែ មករា ឆ្នាំ១៩៧៦ នោះហើយ ដែលខ្ញុំត្រូវបានអង្គការកោះហៅឱ្យទៅរៀបការដែលប្រព្រឹត្តិទៅនៅ ថ្ងៃទី ៥ ខែ មករា ១៩៧៦។ ថ្ងៃនេះទី២ ខែ មករាឆ្នាំ ២០១៦ គឺមានរយះពេល៤០ឆ្នាំ ដែលខ្ញុំត្រូវសរសេររៀបរាប់អំពីប្រវត្តិដែលខ្ញុំ និង ភរិយាបានស្គាល់គ្នា និង បានរៀបការក្នុងរបប ប៉ុល ពត។
ពិតមែនតែវាជារឿងរបស់ខ្ញុំ តែវាក៏ជារឿងរ៉ាវកើតឡើងទាក់ទងជាមួយប្រជាជនទូទាំងប្រទេសដែលស្ថិតក្នុងរបបនយោបាយប្រល័យពូជសាសន៍ ហើយក៏ជាប់ទាក់ទងដល់ប្រវត្តិនៃការតស៊ូរំដោះជាតិផងដែរ។ ការរៀបរាប់របស់ខ្ញុំមិនគ្របដណ្តប់លើដំណើរជីវិតទាំងមូលទេ។ ការរៀបរាប់នេះគឺផ្តោតសំខាន់ តើខ្ញុំ និង ភរិយាខ្ញុំជួបគ្នាដោយរបៀបណា? ហើយការរៀបការប្រព្រឹត្តិទៅបែបណា? និងរៀបរាប់ក្រោយពេលរៀបការមួយរយះខ្លីប៉ុណ្ណោះ។
រឿងដែលនៅសេសសល់ ខ្ញុំនឹងសរសេរដើម្បីផ្សព្វផ្សាយជាបន្តបន្ទាប់ទៀត។ អាស្រ័យដោយអត្ថបទវែង ខ្ញុំរៀបចំផ្សាយជា ៣វគ្គ។ វគ្គ១ នឹងផ្សាយនៅ ថ្ងៃ ៣ មករា។ វគ្គ ២ផ្សាយថ្ងៃ ៤ មករា និង វគ្គ៣ បញ្ចប់ផ្សាយថ្ងៃ ៥មករាដែលជាថ្ងៃខួប៤០ឆ្នាំ នៃថ្ងៃរៀបការ (៥ មករា១៩៧៦-៥ មករា ២០១៦)។
ពេលអានចប់ សូមមេត្តាជួយប្រាប់ខ្ញុំផងថា តើខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំមុន ឬ ប្រពន្ធខ្ញុំស្រឡាញ់ខ្ញុំមុន?» ៕