ភ្នំពេញ៖ គេបានដឹងហើយថា ក្រុមហ៊ុន ហាន់សុីង(HanShin) របស់កូរ៉េដេញថ្លៃបានសាងសង់ផ្លូវជាតិលេខ៥ ជាង៥១គីឡូម៉ែត្រលើទឹកប្រាក់ជាង៨៥លានដុល្លារ ក្នុងនោះដំណើរសាងសង់ គឺក្រុមហ៊ុន ហាន់សុីង(HanShin) ត្រូវពឹងផ្អែកលើក្រុមហ៊ុនផ្សេងៗទៀតម៉ៅការបន្ត ខណៈខ្លួនខ្វះនូវគ្រឿងចក្រជាមធ្យោបាយ។ ករណីសាងសង់ផ្លូវជាតិ៥ កំពុងជួបបញ្ហា បន្ទាប់ពីក្រុមហ៊ុន ហេង សម្បត្តិ បិទការដ្ឋានទាំងស្រុងមិនដំណើរការបន្ត បង្កើតជាឧបស័គ្គធំធេងដល់ប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវជាតិ លំបាកគ្រប់បែបយ៉ាងក្នុងការធ្វើចរាចរណ៍ទាំងថ្មើជើង ម៉ូតូ ឡាន ចូលលំនៅដ្ឋាន ដោយសារការឈូសឆាយ កាយដី ប្រឡាយ មិនបានចាត់ចែងចាក់បំពេញអោយបានត្រឹមត្រូវឡើងវិញតាមបទដ្ឋានបច្ចេកទេស។ ពិសេស
អ្នកធ្វើដំណើរជាតិ-អន្តរជាតិ ងាយរងគ្រោះថ្នាក់ចរាចរណ៍ ក្នុងការបើកបរជាដើម។
សូមរម្លឹកថា៖ ក្រុមហ៊ុន ហាន់សុីង(HanShin) ដេញថ្លៃបានសាងសង់ផ្លូវជាតិលេខ៥ ជាង៥១គីឡូម៉ែត្រលើទឹកប្រាក់ជាង៨៥លានដុល្លារ ហើយបានអោយក្រុមហ៊ុនចំនួន២ ម៉ៅការសាងសង់បន្ត គឺ ១-ក្រុមហ៊ុន ហេង សម្បត្តិ, ២-ក្រុមហ៊ុន ដូនពេញ។ តែក្រុមហ៊ុន ហេង សម្បត្តិ រត់ចោលហើយ ទើបការស្ថាបនាសាងសង់ផ្លូវជាតិលេខ៥នេះ ដំណើរការរអាក់រអួល យឺតដូចអណ្តើតវារ សឹងបាត់បង់ដំណើរការទាំងស្រុងលើកំណាត់ផ្លូវជាតិលេខ៥ ពីចំណុចគីឡូម៉ែត្រលេខ១២០ ដល់ ចំណុចគីឡូម៉ែត្រលេខ១៧១+២០០ មានន័យថា (ពីខេត្តកំពង់ឆ្នាំង ដល់ធ្លាម្អម ខេត្តពោធិ៍សាត់)។ បញ្ហានេះតើក្រសួងសាធារណៈការ និងដឹកជញ្ជូនត្រូវគិតយ៉ាងណាចំពោះការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមដងផ្លូវ មានបញ្ហាគ្រហុក ប្រឡាយ ដីទួល និងអ្នកធ្វើដំណើរងាយជួបគ្រោះថ្នាក់ចរាចរណ៍.? ក្រុមហ៊ុន ហាន់សុីង(HanShin) ស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ពាក់ព័ន្ធនិងការដេញថ្លៃសាងសង់ផ្លូវជាតិ២១ ស្ថាបនាគ្មានគុណភាព ដែលលោក ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល មិនអាចទទួលយកបាននូវពីការធ្វើគ្មានស្តង់គុណភាព កាលពីដើមឆ្នាំ២០១៩។ នេះបើតាមការបង្ហើបអោយដឹងពីមន្ត្រីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូនចំពោះការស្ថាបនាសាងសង់ផ្លូវជាតិ២១ ពីក្រុងតាខ្មៅទៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ព្រំដែនកម្ពុជា-វៀតណាម។ ដោយឡែកផ្លូវជាតិលេខ២ ដេញថ្លៃបានជិត១ឆ្នាំ ក៏មិនទាន់ដំណើរ សុទ្ធតែផ្ទុយនិងការចង់បានពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន គិតគូរពីសមិទ្ធផល ជាចំណងដៃជូនជនរួមជាតិ។
សូមបញ្ជាក់ថា៖ មិនដឹងជាក្រុមហ៊ុន ហាន់សុីង(HanShin) មានលក្ខណៈពិសេសត្រង់ចំណុចណាទេ ខណៈសាងសង់ផ្លូវជាតិគ្មានគុណភាព គ្មានស្តង់ដារបទដ្ឋានបច្ចេកទេស ស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្វើផ្លូវទុកអោយនៅមេម៉ាយ ធ្វើបណ្តើរខូចបណ្តើរ តែមានឱកាសដេញថ្លៃនូវគម្រោងស្ថាបនាឡើងវិញនូវផ្លូវជាតិសំខាន់ៗ ពិសេសជាគម្រោងប្រទេសជប៉ុន គ្រប់គ្រងដោយគម្រោង JICA ជាដើម។ គួរណាស់ម្ចាស់គម្រោង(ជប៉ុនក៏ដូចខាង JICA) សិក្សាពីក្រុមហ៊ុនហាន់សុីង(HanShin)ឡើងវិញ អោយមានការទទួលខុសត្រូវ បញ្ជៀសការដេញថ្លៃដាក់តម្លៃទាបជាងគេដើម្បីយកគម្រោង តែជាលទ្ធផលការសាងសង់គ្មានស្តង់ដារ និងជួបឧបស័គ្គផ្នែកហរិញ្ញវត្ថុ គ្រឿងចក្រ ខណៈក្រុមហ៊ុនហាន់សុីង(HanShin) តែងពឹងផ្អែកទាំងស្រុងលើការ ម៉ៅការបន្តអោយក្រុមហ៊ុនផ្សេងៗ។
ពាក់ព័ន្ធក្នុងករណីក្រុមហ៊ុន ហាន់សុីង(HanShin)សាងសង់ផ្លូវជាតិលេខ៥ ឈានដល់ក្រុមហ៊ុន ហេង សម្បត្តិ ម៉ៅការបន្តបោះបង់ការងារចោល រត់បាត់ និងនៅសល់តែក្រុមហ៊ុន ដូនពេញ មួយប៉ុណ្ណោះ អាចទុកផ្លូវជាតិ៥ អោយនៅមេម៉ាយ គឺខាងអង្គភាព(នគរដ្រេហ្គន)មិនអាចទាក់ទងសុំការបំភ្លឺ និងបកស្រាយបានទេពីតំណាងក្រុមហ៊ុន និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែ លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រាប់អង្គភាព «នគរដ្រេហ្គន» ថា៖ បញ្ហានេះខ្ញុំទើបតែនិងដឹងខ្លះៗពីខាងសារព័ត៍មាន លើការអាក់ខានដំណើរការក្រុមហ៊ុន ហាន់សុីង(HanShin)សាងសង់ផ្លូវជាតិលេខ៥ ហើយក៏ត្រូវសិក្សាពីមូលហេតុណាមួយអោយបានជាក់លាក់ ខណៈករណីខ្លះអាចនិយាយបានថា ក្នុងកាលៈទេសៈរដូវវស្សា ជួបគ្រោះធម្មជាតិក៏ខកខានដំណើរ តែបើមិនដំណើរដោយប្រការអ្វីផ្សេងនោះ ចាំក្រុមការងារពិនិត្យជាក់ស្តែង។
ដោយឡែកករណីផ្លូវជាតិលេខ២ ក្រុមហ៊ុន ហាន់សុីង(HanShin) ដេញថ្លៃបានជិត១ឆ្នាំហើយ មិនទាន់បានដំណើរការ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន គឺ លោក គង់ វិមាន បានបញ្ជាក់ថា៖ ករណីនេះខាងអន្តរក្រសួងកំពុងរៀបចំតាមដាននិងពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត និងសំណូមពរអោយខាងសារព័ត៍មាន សហការផ្តល់ព័ត៍មានពិត មានមូលដ្ឋានជាក់លាក់ ជៀសវាងការសរសេរ ឬផ្សព្វផ្សាយមិនគ្រប់ជ្រុងជ្រោយ ខុសពីគោលការណ៍ ខណៈរាល់ការស្ថាបនាសាងសង់ផ្លូវជាតិនិមួយៗ សុទ្ធតែមានកិច្ចសន្យាពីពេលវេលា និងគុណភាព បទដ្ឋានបច្ចេកទេសច្បាស់លាស់បំផុត៕
ដោយ៖ សុខ ខេមរា