ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកានេះធនាគារហ្វីលីព (PhillipBank) បានប្រកាសបើកសាខាថ្មីមួយ ដែលស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ ដែលសាខាថ្មីដែលត្រូវបានរចនាដ៏ពិសេសមួយនេះ នឹងដើរតួនាទីជា សាខាគំរូមួយ សម្រាប់រាល់សាខាទាំង៨៩កន្លែងរបស់ខ្លួននៅទូទាំងប្រទេស ក្រោយពីធនាគារនេះ បំពេញការច្របាច់បញ្ចូលជាផ្លូវការតាមការគ្រោងទុកជាមួយនឹងស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រេឌីត (Kredit)។
កម្មវិធីកាត់ខ្សែបូរណ៍សម្ពោធសាខាថ្មីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា មន្ត្រីតំណាងធនាគារជាតិនៃកម្ពុជា និងលោក Lim Hua Min អគ្គនាយកធនាគារហ្វីលីព។
លោក Lim Hua Min (លីម ហួមីន) អគ្គនាយកក្រុមហ៊ុនហ្វីលីពមានប្រសាសន៍ក្នុងពិធីកាត់ខ្សែបូរណ៍សម្ពោធសាខាថ្មីនេះ ថា៖ «សាខាគំរូរបស់យើង ដែលស្ថិតលើផ្លូវកម្ពុជាក្រោម បង្ហាញពីបំណងប្រាថ្នារបស់យើងឆ្ពោះទៅកាន់វិថីថ្មីក្នុងវិស័យធនាគារ ពោលគឺចាប់ពីរូបរាងដែលមានការកែប្រែថ្មី និងទាន់សម័យ រហូតដល់មុខងារថ្មីៗជាច្រើន ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់នូវបទពិសោធដល់អតិថិជនបន្ថែមទៀត ដូចជាសេវាអទិភាព (Phillip Priority) និងសេវាបម្រើអតិថិជន ដែលត្រូវបានគាំទ្រដោយប្រព័ន្ធធនាគារស្នូលថ្មីមួយ និងស្មារតីយកចិត្តទុកដាក់ខ្ពស់របស់បុគ្គលិកតាមសាខា»។
បច្ចុប្បន្ន PhillipBank មានសាខាចំនួន៦កន្លែង នៅរាជធានីភ្នំពេញ ស្របពេលដែលស្ថាប័ន ក្រេឌីត មាន៨៣សាខា ទូទាំងប្រទេសកម្ពុជា។ ការច្របាច់បញ្ចូលគ្នារវាងគ្រឹះស្ថានទាំង២ នឹងធ្វើឲ្យ PhillipBankក្លាយជាធនាគារដែលមានសាខាច្រើនជាងគេបំផុតទី៣នៅកម្ពុជា ដែលបម្រើជូននូវរាល់សេវាធនាគារពាណិជ្ជទាំងអស់ ទៅកាន់អតិថិជន ទូទាំងប្រទេសកម្ពុជា។
គ្រឹះស្ថានឯកជនដែលត្រូវបានច្របាច់បញ្ចូលគ្នាថ្មីនេះ ដែលនឹងប្រតិបត្តិក្រោមការប្រើប្រាស់ឈ្មោះធនាគារហ្វីលីព (PhillipBank) នឹងជាផ្នែកមួយនៃក្រុមហ៊ុន PhillipCapital ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយក្នុងតំបន់ ដោយមានទីតាំងច្រើនជាង១៦ប្រទេស និងទ្រព្យសម្បត្តិក្នុងទឹកប្រាក់ច្រើនជាង៣៥ពាន់លានដុល្លារអាមេរិក ក្រោមការគ្រប់គ្រងរបស់ខ្លួន។
លោក Lim Hua Min (លីម ហួមីន) អគ្គនាយកធនាគារហ្វីលីពបានថ្លែងថា៖ «នេះគឺជាថ្ងៃដ៏រំភើបសម្រាប់ធនាគារ PhillipBank កម្ពុជា ដែលរួមជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង២ទៀតរបស់យើងនៅទីនេះ រួមមាន Phillip General និង Phillip Life នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ នូវរាល់សេវាហិរញ្ញវត្ថុ និងសេវាគ្រប់គ្រងទ្រព្យសម្បត្តិដ៏ទូលំទូលាយបំផុត ទូទាំងព្រះរាជាណាចក្រកម្ពុជា»។
បច្ចុប្បន្ន ការវិនិយោគរបស់ក្រុមហ៊ុននេះ នៅកម្ពុជា មានចំនួនទឹកប្រាក់ច្រើនជាង១១០លានដុល្លារអាមេរិក ទៅលើវិស័យធនាគារ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងលើអាយុជីវិត និងសេវាមីក្រូហិរញ្ញវត្ថុ។
លោក Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរី នៅកម្ពុជា បានថ្លែងអំឡុងពេលពិធីបើកសម្ពោធថា៖ «ទំនាក់ទំនងរវាងសិង្ហបុរ–កម្ពុជា មិនត្រឹមតែផ្តោតលើពាណិជ្ជ និងហិរញ្ញវត្ថុប៉ុណ្ណោះទេ ខណៈដែលសហគមន៍សិង្ហបុរីនៅនេះ ក៏ផ្តោតជាសំខាន់លើទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ផងដែរ។ ជាចុងបញ្ចប់ ខ្ញុំពិតជារីករាយណាស់ក្នុងការបញ្ជាក់ថា PhillipBank មានការប្តេជ្ញាចិត្តក្នុងការជួយដល់សហគមន៍កម្ពុជា ជាមួយនឹងគំនិតផ្តួចផ្តើមលើកម្មវិធីទំនួលខុសត្រូវសង្គមជាយុទ្ធសាស្ត្រ លើវិស័យពិការភាព និងសិល្បៈ ការអប់រំ និងសហគមន៍ការងារនៅតាមខេត្ត»។ ឯកអគ្គរដ្ឋទូតសិង្ហបុរីរូបនេះ បានបញញជាក់ថា ទំនាក់ទំនងដ៏ជិតស្និទ្ធ និងរឹងមាំរវាងសិង្ហបុរី និងកម្ពុជា ក្នុងគ្រប់កម្រិត និងគ្រប់វិស័យទាំងអស់ នឹងបង្កើតឲ្យមានលទ្ធផលដ៏ល្អដល់អនាគតរបស់ប្រទេសទាំង២៕ ដោយ វឌ្ឍនា